(សៀមរាប)៖ រហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតសមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងបេក្ខជនបម្រុង ទូទាំងខេត្តសៀមរាប ចំនួន៨៩នាក់ បានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៨៩រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្រ្តីគណបក្សសង្គ្រោះជាតិទាំង៨៩រូប រួមមាន៖ ​ក្រុងសៀមរាប ចំនួន១៥នាក់, ស្រុកប្រាសាទបាគង ចំនួន១៤នាក់, ស្រុកជីក្រែង ចំនួន១៣នាក់, ស្រុកស្វាយលើ ចំនួន១០នាក់, ស្រុកពួក ចំនួន៨នាក់, ស្រុកអង្គរជុំ ចំនួន៨នាក់, ស្រុកអង្គរធំ ចំនួន៦នាក់, ស្រុកស្រីស្នំ ចំនួន៥នាក់, ស្រុកបន្ទាយស្រី ចំនួន៣នាក់,​ ស្រុកវ៉ារិន ចំនួន២នាក់, ស្រុកក្រឡាញ់ ចំនួន២នាក់ និងស្រុកសូត្រនិគម ចំនួន២នាក់។

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ ទាំង៨៩រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

​ដោយសារតែសន្ទុះនៃការសម្រុកចុះចូល បាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាលចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា​ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕