(ស្វាយរៀង)​​៖ ពេញមួយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតជំទប់ និងបេក្ខជនបម្រុងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងខេត្តស្វាយរៀងទាំងមូលចំនួន១៥នាក់ទៀត​ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ​បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១៥​​រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់​រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង១៥​​រូបនេះ​ រួមមាន៖
ទី១៖ ស្រុករមាសហែក បេក្ខជនបម្រុងចំនួន៣នាក់
ទី២៖ ក្រុងបាវិត បេក្ខជនបម្រុងម្នាក់
ទី៣៖ ស្រុកស្វាយទាប អតីតជំទប់ទី១ម្នាក់ និងអតីតបេក្ខជនបម្រុងចំនួន២នាក់
ទី៤៖ ស្រុកស្វាយជ្រុំ អតីតបេក្ខជនបម្រុងចំនួន៤នាក់
ទី៥៖ ស្រុករំដួល អតីតបេក្ខជនបម្រុងចំនួនម្នាក់
ទិ៦៖ ស្រុកចន្ទ្រា អតីតបេក្ខជនបម្រុងចំនួន៣នាក់។

គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ​បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង​​​​១៥រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

​សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦​ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕