(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ បានមើលឃើញថា សមាគមមួយនេះ បាននិងកំពុងដើរតួនាបានយ៉ាងល្អក្នុងការរួមចំណែកធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរបានកាន់តែល្អប្រសើរ។

បើទោះបីជាយ៉ាងណា សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើឲ្យសមាគមអនុវត្តន៍នូវគោលការណ៍ ៥ចំណុចទៀត ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ថៃ កាន់តែល្អប្រសើរថែមទៀត។ សំណើទាំង ៥ចំណុចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងក្នុងកិច្ចប្រជុំសមាគមមិត្តភាព​កម្ពុជា-ថៃ និងសមាគមមិត្តភាពថៃ-កម្ពុជានាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក នៃសមាគម ដែលសុទ្ធសឹងជាមន្រ្តីជាន់ខ្ពស់ និងពាណិជ្ជករល្បីឈ្មោះបោះសំឡេងនៃប្រទេសទាំងពីរ។

សំណើទាំង ៥ចំណុច ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនោះរួមមាន៖

១៖ កិច្ចសហប្រតិបត្តិការលើវិស័យកីឡា៖ ត្រូវមានការរៀបចំឲ្យមានព្រឹត្តិការណ៍ថ្មីៗថែមទៀត ដូចជាការប្រកួតបាល់បេតង់, បាល់ទះ, បាល់ទាត់ សីប៉ាក់តាក្រនៅកម្ពុជា មិនតែប៉ុណ្ណោះត្រូវតែមានការជំរុញហ្វឹកហាត់រួមគ្នាផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកទាំងនៅ​ក្នុងប្រទេសកម្ពុជា ប្រទេសថៃ ដើម្បីលើកកម្ពស់សមត្ថភាពកីឡាឲ្យកាន់តែប្រសើរឡើងថែមទៀត។

២៖ ការបណ្ដុះបណ្ដាល៖ សមាគមមិត្តភាពថៃ-កម្ពុជាបន្ដជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យកសិកម្ម សិប្បកម្ម ​និងជួយជំរុញសហគ្រាសធុនតូច និងមធ្យមដល់កម្ពុជា ទន្ទឹមនឹងនោះជួយផ្ដល់អាហាររូបករណ៍ដល់និស្សិតពីលើអាហាររូបករណ៍ថៃ ដែល​បានផ្ដល់តាមរយៈក្រសួងអប់រំយុវជន និងកីឡាកន្លងមក។

៣៖ ការពង្រីកទំនាក់ទំនងផ្នែកធុរកិច្ច ផ្នែកសង្គម និងវប្បធម៌៖ បន្ដការរៀបចំការតាំងពិព័រណ៍រួមគ្នារវាងពាណិជ្ជកម្មកម្ពុជាថៃ ក្នុង​ព្រឹត្តិការណ៍សំខាន់ៗដូចជា ក្នុងឱកាសបុណ្យសមុទ្រ, បុណ្យទន្លេ, ព្រមទាំងពិធីផ្សេងៗ ដូចជាការប្រគុំតន្រ្ដីសម័យរួមគ្នា ដោយមានការ​ចូលរួមពីសិល្បៈករល្បីៗទាំងពីរប្រទេស ដើម្បីស្វែងរកការគាំទ្រពីសំណាក់សប្បុរសជននានា ជួយដល់វិស័យមនុស្សធម៌ ដូចជាមន្ទីរ​ពេទ្យគន្ធបុប្ផា និងជំរុញឲ្យមានការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជានៅប្រទេសថៃ។

៤៖ ការងារប្រវត្តិសាស្រ្ដ៖ រៀបចំប្រតិភូផ្លាស់ប្ដូរដំណើរទស្សនកិច្ច និងបទពិសោធន៍ទៅវិញទៅមកលើការងារប្រវត្តិសាស្រ្ដរបស់ប្រទេសទាំងពីរ។

៥៖ ការងារតាមច្រកព្រំដែន៖ ជួយសម្របសម្រួលការធ្វើដំណើរទេសចរណ៍, ការដឹកជញ្ជូនកសិកម្ម ពាណិជ្ជកម្ម កសិផល ចេញចូលតាមច្រកផ្លូវគោក ផ្លូវទឹក កម្ពុជា-ថៃ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន ឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការផ្សារភ្ជាប់​រឹត​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ក្នុងគោលដៅកសាងព្រំដែនជាតំបន់សន្ដិភាព, សន្ដិសុខ, សហប្រតិត្តិការ និងការ​អភិវឌ្ឍពិតប្រាកដ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត​សមាគម​មិត្ត​ភាព​កម្ពុជា-ថៃ កាលពីខែធ្នូ ឆ្នាំ២០១៥ ដើម្បី​​រឹត​ចំណងមិត្តភាព សាមគ្គីភាព​ និងសហប្រតិបត្តិការ​រវាងកម្ពុជា-ថៃ ការពង្រឹង ​និងពង្រីកទំនាក់ទំនងលើ​គ្រប់ផ្នែក និងវិស័យ​ដូចជា​ពាណិជ្ជកម្ម​ វិនិយោគ​ កសិកម្ម​វប្បធម៌ ទែសចរណ៍​កីឡា អប់រំ សុខាភិបាល​ បណ្តុះបណ្តាល​វិជ្ជាជីវៈនិងសង្គមកិច្ច​។ សមាគមនេះ ក៏មានភារកិច្ច​រៀបចំ​គម្រោង​និង​កម្មវិធី​សហប្រតិបត្តិការ​ ផ្លាស់ប្តូរយោបល់​ ទស្សនកិច្ច​សិក្សា​ ស្រាវជ្រាវ ចែករំលែកបទពិសោធន៍​ ពង្រឹងប្រព័ន្ធ​ទំនាក់ទំនង​និង​ធ្វើរបាយការណ៍ ពីសកម្មភាព​ដាក់ជូន​រដ្ឋាភិបាល​ជាដើម​។

សមាគមនេះមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន ឧកញ៉ា លី យ៉ុងផាត់ ជា​អនុប្រធាន ។ សមាគមនេះ​ជាគណៈ​​កម្មា​ធិ​ការ​​​អន្តរក្រសួង​សម្រាប់ទំនាក់ទំនង​កម្ពុជា​-ថៃ ដែលមាន​សមាជិក​ជាង​ ៧០រូប រាប់បញ្ចូល​ទាំង​ទីប្រឹក្សា​ផង​ដែរ ​ដែល​ជា​​​រដ្ឋមន្រ្តីមកពីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ ក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួង​​បរិស្ថាន​ និង​អគ្គលេខា​ធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងរដ្ឋលេខាធិការក្រសួងការបរទេស។​ ទីប្រឹក្សាផ្សេងទៀត​​មាន​អភិបាល​ខេត្តបាត់ដំបង កោះកុង បន្ទាយ​មានជ័យ​ ឧត្តរមានជ័យ​ និង​ព្រះវិហារ។​

​ឧកញ៉ាចំនួន ៣៥រូបជា​សមាជិក​ ក្នុងនោះរួមមាន​ លោក គិត ម៉េង លោក កុក អាន លោក ពុង ខៀវ​សែ លោក ឡាវ ម៉េងឃីន និង​លោក អាន ម៉ាឌី​ ជាដើម។​ សមាគម​នេះ ​មាន​អគ្គ​លេខាធិការ​ដ្ឋាន​មួយ​ជា​សេនាធិការ​ ដែលមាន​សមាជិក​ចំនួន​៦រូប។​ សមាគម​មិត្ត​ភាព​​ក​ម្ពុជាថៃ​ មា

សមាគមមិត្តភាពកម្ពុជា-ថៃ ក៏មានសិទ្ធប្រើប្រាស់ថវិកា ដោយឡែករបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី និងមានសិទ្ធិទទួល និង​ចាត់​ចែងប្រើប្រាស់តាមនីតិវិធីច្បាប់ជាធរមាននូវធនធាន និងមូលនិធិដែលបានមកពីប្រភពផ្សេងៗ​ទៀត សម្រាប់​ដំណើរ​ការការងារ​របស់ខ្លួន៕