(ភ្នំពេញ)៖ ជនសង្ស័យរត់ពន្ធឈើប្រណិតខុសច្បាប់ម្នាក់ រួមទាំងរថយន្ដ និងឈើប្រណិតចំនួន៣៣ដុំ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បង្រ្កាបបាននិងឃាត់ខ្លួន​ប្រគល់ ជូនខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនិតិវិធីហើយនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០១៧ បន្ទាប់ពីបានបង្រ្កាបកាលពីយល់មិញ។

រថយន្ដដែលឃាត់បានម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2E-0511 ដែលក្នុងរថយន្ដមានដឹកឈើប្រណិតជាច្រើន​ដុំត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការដេញបង្រាបតាំងពីផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ​មានជ័យ​ រហូតដល់ផ្លូវ២៧១ ទើបចាប់បានកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងរថយន្ដបានប្រទះឃើញឈើប្រណិតប្រភេទឈើធ្នង់ចំនួន៣៣ដុំ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតបានរត់គេច​ខ្លួន​បាត់ស្រមោលតែម្ដង។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នូច ភិន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិស្រែត្រាច ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្ត ឈើប្រណិតចំនួន៣៣ដុំ រួមទាំងជនសង្ស័យ ត្រូវបានប្រគល់ជូន ខណ្ឌរដ្ឋបាលព្រៃឈើ ក្រុងភ្នំពេញហើយនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕