(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍ប្រឡងចម្រៀង «ចង់ក្លាយជាតារា» ​របស់ស្ថានីយទូរទស្សន៍​អប្សារា ប៉ុស្តិ៍លេខ១១ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាត់ព្រ័ត្រ​ហើយ ខណៈបេក្ខជន-បេក្ខនារី តែចំនួន១២នាក់ទៀត ត្រូវចម្រាញ់ជ្រើសរើសទៅវគ្គបន្ត បន្ទាប់ពីកម្មវិធីនេះ តម្រូវឲ្យបេក្ខជនឆ្លងកាត់ការប្រឡង ជាច្រើនទម្រង់ ជាពិសេសបានបំផុសឲ្យយុវវ័យចេះស្រឡាញ់ មរតកសំនៀងដើម។ ជាការពិតនៅថ្ងៃទៅ២៤ ខែវិច្ឆិកា ម្សិលមិញនេះ កម្មវិធី មានការបើកប្រកួត ក្នុងវិញ្ញាសារចម្រៀង ប្រពៃណីខ្មែរ ដែលជាសិល្បៈវប្បធម៌របស់ខ្មែរមួយមិនអាចខ្វះបាន ហើយកម្មវិធីក៏មានគោលដៅ ចង់ឲ្យបេក្ខជន-បេក្ខនារី យល់ដឹង និងចេះលើកដាក់សំឡេង ពេលច្រៀងបទប្រពៃណីខ្មែរ។

​គណកម្មការ និងជាគ្រូបង្វឹកនៅក្នុងកម្មវិធីនេះ មានដូចជា លោក អៀង ស៊ីធុល, លោកសុះ ម៉ាច និងអ្នកនាង សួន ចន្ថា បានបង្ហាញពីចំណាប់អារម្មណ៍ និងក្ដីរំពឹងដូចគ្នាថា កម្មវិធីនេះ បានបំផុសឲ្យយុវវ័យសម័យនេះ ចេះស្រឡាញ់មរតកសំនៀងដើម និងជួយឲ្យពួកគេមានសមត្ថភាពច្រៀង បានគ្រប់ទម្រង់នៃចម្រៀងទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ បានជួយដុសខាត់ពួកគេ ឲ្យក្លាយជាតារាចម្រៀងអាជីព យ៉ាងពិតប្រាកដ ខណៈដែលកម្មវិធីនេះ នឹងបង្កើតឲ្យមានប្រចាំឆ្នាំ ដើម្បីជួយលើកស្ទួយវិស័យចម្រៀង នាពេលបច្ចុប្បន្ន​។

ដោយឡែកលោកណូ សុភេន អ្នករៀបចំកម្មវិធីប្រឡងចម្រៀង «ចង់ក្លាយជាតារា» បានថ្លែងឲ្យដឹងថា «កម្មវិធីនេះនឹងប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដែលនឹងត្រូវជ្រើសម្ចាស់ពាន ឆ្នើមមួយរូប និងជ្រើសម្ចាស់ពានអម២នាក់ទៀត។ ​ម្ចាស់ពាននឹងទទួលបាន​រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដូចជា ម៉ូតូ ថវិកា​មួយចំនួន និងពាន​​ជាដើម។ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះ បេក្ខជនបេក្ខនារីដែលឈានដល់វគ្គ ពាក់កណ្ដាលផ្តាច់ព្រ័ត្រ ពួកគេនឹងក្លាយជាតារាចម្រៀង ​ប្រចាំនៅផលិតកម្មថ្មីមួយរបស់ស្ថានីយ ទូរទស្សន៍អប្សរា ដោយស្វ័យប្រវត្តិ ដែលនឹងជួយឲ្យពួកគេក្លាយជាតារាចម្រៀង ដែលអាចប្រកួតប្រជែង នៅក្នុងវិស័យចម្រៀងបាន!»។

លោក ណូ សុភេន បាន​ឲ្យដឹងថា «កម្មវិធីនេះបានឆ្លងកាត់វគ្គជម្រុះជាច្រើន ដំណាក់កាលមកហើយ ដែលមានបេក្ខជនបេក្ខនារីចូលរួម ប្រឡងចំនួន១៧២៥នាក់​ ហើយឈានដល់វគ្គពាក់កណ្ដាល ផ្តាច់ព្រ័ត្រពិសេសនេះ គឺនៅសល់បេក្ខជន និងបេក្ខនារីចំនួន១២រូប (ប្រុស៨ស្រី៤នាក់) ដែលនឹងត្រូវជម្រុះ២នាក់ បន្ថែមទៀត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ ​កម្មវិធីនេះគឺមានវិញ្ញាសារច្រើន និងលំបាកសម្រាប់យុវវ័យ នាពេលបច្ចុប្បន្ននេះ គឺមិនងាយនឹងអាចធ្វើបានទេ ដោយត្រូវឆ្លងកាត់ការប្រឡង ជាច្រើនទម្រង់ ទាំងបទសម័យ បទបែបប្រពៃណី និងបទចម្រៀងមរតកដើ​ម ខណៈដែលកម្មវិធីនេះបានជ្រើសរើស លោកគ្រូអ្នកគ្រូ ដែលជាកំពូលតារាចម្រៀង ដែលមានជំនាញច្បាស់លាស់ ជួយដុសខាត់ពួកគាត់ ឲ្យក្លាយជាតារាចម្រៀង ដែលមានសមត្ថភាពយ៉ាងពិតប្រាកដ នាពេលអនាគត។ ដូច្នេះកម្មវិធីនេះ គឺផ្តោតសំខាន់លើការលើកស្ទួយ ចម្រៀងមរតកដើម និងលើកស្ទួយចម្រៀង វប្បធម៌ជាតិរបស់យើង!»។

លោកសង្កត់ធ្ងន់ថា កម្មវិធីនេះមិនមែនតម្រូវ ឲ្យបេក្ខជន-បេក្ខនារី មានតែទឹកដមសំឡេងល្អប៉ុណ្ណោះទេ ថែមទាំងត្រូវបានលោកគ្រូអ្នកគ្រូ ដែលមានបទពិសោធន៍ខ្ពស់ នៅក្នុងវិស័យសិល្បៈ ដូចជា លោកសុះ ម៉ាច, អ្នកនាងសួន ចន្ថា និងសាស្ត្រាចារ្យ អៀង ស៊ីធុល បានជួយដុសខាត់ពួកគេ ឲ្យក្លាយជាធនធានមនុស្ស ខាងវិស័យចម្រៀង ដែលមានទាំងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈពិតប្រាកដ ទៅថ្ងៃអនាគត៕