(កំពង់ធំ)៖ គិតត្រឹមថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជា ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលអតីតសមាជិក ក្រុមប្រឹក្សា មេឃុំ គណបក្សសង្គ្រោះជាតិចំនួន២១នាក់ ឲ្យចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ចំនួនអតីតសមាជិក គណបក្សសង្រ្គោះជាតិទាំង២១នាក់ ត្រូវបានប្រកាស និងស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោក ជា ចាន់តូ សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារចុះជួយ ស្រុកសន្ទុក នៅក្នុងពិធីផ្សព្វផ្សាយ វិធានការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមប្រឆាំងឧបាយកល ផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់ នៅកម្ពុជាជូនដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកសន្ទុកចំនួន៤៧៥នាក់ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។

ជាមួយនឹងការស្វាគមន៍ ចំពោះបងប្អូនអតីតសមាជិកសង្គ្រោះជាតិទាំង២១នាក់ លោក ចាន់តូ នូវបានចាត់ទុកការសម្រេចចិត្ត របស់បងប្អូនទាំងនេះថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដើម្បីរួមកម្លាំងគ្នាអភិវឌ្ឍន៍ ប្រទេសជាតិនិងរក្សាសេចក្ដីសុខសាន្តជូនប្រជាជន។

លោកបានបន្តទៀតថា ដើម្បីភាពរីកចម្រើន និងសេចក្ដីសុខក្សេមក្សាន្តរបស់ជាតិ និងប្រជាជនយើងត្រូវ រួមសាមគ្គីគ្នាជាធ្លុងមួយ ហើយមិនត្រូវចាញ់ឧបាយកល របស់បរទេសជាដាច់ខាត គ្មានអ្នកណាស្គាល់សុខទុក្ខ ខ្មែរជាងខ្មែរនោះទេ។

នៅក្នុងឱកាសនោះដែរ លោក ជា ចាន់តូ បញ្ជាក់ឲ្យដឹងដែរថា តាមប្រសាសន៍របស់សម្រេចតេជោ ហ៊ុន ហែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ច្បាស់ថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំងអស់ ដែលបានធ្វើការសម្រេចចិត្ត មករួមរស់ជាមួយគណបក្សប្រជាជននៅមុន ថ្ងៃ២៦ ខែវិច្ឆិកា គឺនៅតែទទួលបានសិទ្ធិ និងការរក្សាតួនាទីដដែល ក្នុងប្រយោជន៍ប្រមូលកម្លាំងទាំងអស់ ឲ្យបានចូលរួមវំណែកគ្រប់សកម្មភាពសង្គម និង ការអភិវឌ្ឍជាតិ។

ជាមួយនេះដែរលោកក៏បានអំពាវនាវដល់ សមាជិកទាំងអស់ត្រូវបន្តផ្សព្វផ្សាយ ឲ្យប្រជាជនពិសេសក្នុងស្រទាប់យុវជន ឲ្យបានយល់ជ្រួបជ្រាប អំពីផលវិបាកនៃការធ្វើបដិវត្តន៍ពណ៌ ដើម្បីឲ្យកុំឲ្យគេលង់លក់ តាមការញ៉ោះញ៉ុងរបស់ពួកបច្ចឹមប្រទេស តាមរយៈការចលនារបស់អង្គការនានា និងគណបក្សប្រឆាំង ដែលបានធ្វើនាពេលកន្លងមកនេះ ។

គួរបញ្ជាក់ថា បងប្អូន អតីតសមាជិកគណបក្សសង្គ្រោះជាតិទាំង២១នាក់ ដែលគណបក្សប្រជាជនស្រុកសន្ទុក បានទទួលឲ្យចូលមករួមរស់ជាមួយគណបក្សទាំងនោះសុទ្ធសឹងជា អតីតសមាជិកក្រុមប្រឹក្សា ឃុំគណបក្សសង្គ្រោះ ជាតិហើយនៅ ក្នុងចំណោមនោះបុរស១៨នាក់និង ស្រ្តីមាន៣នាក់ ។ ហើយបងប្អូនទាំង២១នាក់នេះ ត្រូវបារក្សាតួនាទីរបស់ដែលគេមានជូនដដែល ៕