(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈ ប្រតិភូមួយក្រុម អញ្ជើញទៅកាន់ប្រទេសថៃ សួរសុខទុក្ខពលករ ពលការិនីខ្មែរ ដែលកំពុងបំរើការនៅប្រទេសថៃ។

គណៈប្រតិភូអមដំណើរលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រួមមាន៖ លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ, រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមួយចំនួន និងលោកស្រី បាន ស្រីមុំ សមាជិកសភាមណ្ឌលខេត្តប៉ៃលិន និងមន្ត្រីក្រុមការងារមួយចំនួនទៀត។

នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ចាប សុថារិទ្ធ នាយកខុទ្ទការល័យ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា លោកស្រីឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូ ទៅប្រទេសថៃ ដើម្បីសួរសុខទុក្ខពលករ ពលការិនីកម្ពុជា ដែលកំពុងបំរើការនៅរោងចក្រស៊ីនតាកូ ផលិតតុក្តា ស្ថិតនៅខេត្តផាធុំថានី នៅភាគ ខាងលិចទីក្រុងបាងកក ដែលមាន ពលករខ្មែរ កំពុងបំរើមានចំនួនជាង១០០០នាក់ ទៅពីខេត្តមួយចំនួន រួមមាន៖ ខេត្តតាកែវ, រាជធានីភ្នំពេញ, កណ្តាល, និងខេត្តបន្ទាយមានជ័យ។

គណៈប្រតិភូអញ្ជើញទៅកាន់ប្រទេសថៃ មានគោលបំណងសួរសុខទុក្ខ ពលករ និងជួយសម្រួលទុក្ខលំបាកជូនដល់ពលករ ដែលកំពុងបំរើការនៅប្រទេសថៃ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពុំដែលព្រងើយកន្តើយទេ ខណៈដែលប្រជាពលរដ្ឋបំរើការងារមានទុក្ខលំបាក សម្តេចតេជោតែងតែបានណែនាំ មន្ត្រីក្រុមការងារ ឲ្យចុះទៅប្រទេសថៃ ដើម្បីជួយសម្រួលឲ្យពលករកម្ពុជា ទាំងអស់មានឱកាសស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយស្របច្បាប់ និងជំរុញរដ្ឋាភិបាលថៃ ឲ្យទទួលស្គាល់ និងសិទ្ធិស្របច្បាប់របស់ពលករកម្ពុជា ទាំងអស់កំពុងបំរើការនៅប្រទេសថៃលើគ្រប់វិស័យ។

នេះជាការសកម្មភាពលើកទី២ ដែលដឹកនាំដោយលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដឹកនាំក្រុមការងារទៅប្រទេសថៃ ដើម្បីជួយដោះស្រាយនូវ ទុក្ខលំបាករបស់ពលករ ពលការិនីកម្ពុជា មួយចំនួនដែលទៅស្វែងរកការងារធ្វើ នៅប្រទេសថៃដោយខុសច្បាប់ ឲ្យទៅជាពលករបរទេសបំពេញការងារនៅប្រទេសថៃ ដោយស្របច្បាប់ និងទទួលបាននូវ ការមើលថែ និងការពារអត្ថប្រយោជន៌ស្រប ច្បាប់នានាពីសំណាក់រដ្ឋាភិបាលថៃជាការយកចិត្តទុកដាក់ពីសំណាក់រាជ រដ្ឋាភិបាល។

សូមជម្រាបថា កាលពីខែតុលាឆ្នាំ ២០១៧កន្លងទៅ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលជាប្រធានក្រុមការងារទី៥ បានទទួលនូវការណែនាំ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅប្រទេសថៃ សួរសុខទុក្ខនិងជួយសម្រួលបែបបទការងារជូនពលករ ខ្មែរជាង៣០០០នាក់ ដែលបំរើការនៅក្នុងរោងផលិតសាច់មាន់ ក្នុងខេត្តឈុនបុរី។

រាជរដ្ឋាភិបាល បានចាត់តាំងប្រតិភូជាច្រើនក្រុមកន្លងមកហើយ ទៅសួរសុខទុក្ខពលករខ្មែរធ្វើការនៅប្រទសថៃ គ្រប់វិស័យដែលប្រតិភូទាំងនោះ ដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ហ៊ុន ម៉ានី សមាជិកសភា និងលោក ហ៊ុន ម៉ាណែត និងលោក ព្រំ សុខា ដែលបានចុះទៅជួយដោះស្រាយបញ្ហាលំបាកនានា របស់ពលករខ្មែរនៅប្រទេស។ ក្រុមការងារ និងមានគំរោង ចុះទៅសួរសុខទុក្ខពលករខ្មែរបំរើការនៅក្រៅប្រទេស ដូចជា៖ នៅប្រទេសកូរ៉េ ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី ជាដើមនាពេលខាងមុខនេះ៕