(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សភាសាអង់គ្លេសទូទៅ Level 12 ជំនាន់ទី៤១ ដល់ទី៤៤ ចំនួន ៨០៤នាក់ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោកស្រី ។

អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រង នាយកសាខា លោក លី ប៊ុនឆៃ បានឲ្យដឹងថា បច្ចុប្បន្ននេះសាលាប៊ែលធីអន្តរជាតិ មាន ២១សាខា ក្នុងនោះ១៨សាខា កំពុងដំណើរការ និង ៣សាខាកំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៥,០៨២នាក់ ដោយឡែកសិស្សភាសាអង់គ្លេស Level 12 ដែលបានប្រឡងបញ្ចប់ទាំង ៤៤ជំនាន់ មានចំនួន ៥,៤៧៣នាក់ ។
លោក លី ប៊ុនឆៃ បានបន្តថា សាលាក៏បានបង្កើតកម្មវិធីសិក្សាបន្ថែមធំៗចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ និងទី៨.កម្មវិធីកីឡា ហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យកថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ លោក លី ឆេង ក៏បានបន្ថែមទៀតថា ដោយមានការសំណូមពរពីមាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ក្នុងឆ្នាំ២០១៧នេះ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានបើកកម្មវិធីសិក្សាជាភាសាជាតិ បន្ថែមលើកម្មវិធីសិក្សាអន្តរជាតិដែលមានស្រាប់ ដោយបង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ១ឆ្នាំ ដោយឥតគិតថ្លៃ ដើម្បីបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សា ០៥ ធំៗ ដូចជា៖ ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរៀន ១ឆ្នាំ ២ដងគឺ ខែតុលា និងខែមីនា ដោយសិក្សាលើមុខជំនាញសំខាន់ៗ ដែលស្របនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត ស្របតាមសម្ព័ន្ធអប់រំអាស៊ាន «ជំនាញអនាគត សម្រាប់អាជីពអនាគត»។

លោកអគ្គនាយក ក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សជ័យលាភីឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សាបន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សាដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ដណ្តើមទីផ្សារការងារជាតិ និងអន្តរជាតិ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។ បន្ទាប់មកប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្សជ័យលាភីទាំង ៨០៤នាក់ នាពេលនោះផងដែរ៕