(វីយ៉ែន-អូទ្រីស)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងក្នុងសន្និសីទអន្តរជាតិ ថ្នាក់រដ្ឋមន្រ្តី ដែលរៀបចំដោយអង្គការ UNIDO នៅទីក្រុងវីយេន ប្រទេសអូទ្រីស ថា «ការអភិវឌ្ឍន៍ គឺមិនអាចទៅរួចទេ ប្រសិនបើប្រទេសជាតិគ្មានសន្តិភាព ឬត្រូវរំខានដោយការធ្វើបដិវត្តពណ៍»។ ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី គឺបានធ្វើឡើង ក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូទៅចូលរួម​ សន្និសីទលើកទី៧ ថ្នាក់រដ្ឋមន្ត្រី នៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងសន្និសីទលើកទី១៧ របស់អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ពី​ថ្ងៃទី២២ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងវីយេន ប្រទេសអូទ្រីស បន្ទាប់ពីទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា​។

សន្និសីទលើកទី៧ ថ្នាក់រដ្ឋមន្ត្រី នៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់២៤ វិច្ឆិកា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការក៏សាងភាពជាដៃគូ ការរីកចំរើនឲ្យប្រសើរឡើង និងបរិយាប័ន នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច» ដោយមានប្រទេសចំនួន ៤៨ចូលរួម ក្រោមអធិបតិយភាព លោក លី យ៉ុង អគ្គនាយក UNIDO។
រយៈពេលពីរថ្ងៃនេះ អង្គសន្និសីទបានពិភាក្សាលើចំណុចសំខាន់ៗ៖
១.ប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងសកលភាវូបនីយកម្ម
២.ការជំរុញឲ្យរួចផុត ពីប្រទេសអភិវឌ្ឍន៍តិចតួច
៣.ភាពជាដៃគូសម្រាប់និរន្តភាពឧស្សាហកម្ម។

នៅក្នុងកិច្ចពិភាក្សានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់អនុសាសន៍ ដ៏មានតំលៃដល់អង្គសន្និសីទ មាន៣ចំនុច ដែលត្រូវយកចិត្តទុកដាក់មុននឹងចាក ចេញពី LDC ៖
១. ត្រូវមើលលើ GDP ថាតើ GDP មានស្ថេរភាពហើយឬនៅ ដូចករណី កម្ពុជាមានកំណើន GDP មានស្ថេរភាពកើន ៧% ជារៀងរាល់ឆ្នាំ។
២. ត្រូវមើលលើធនធានមនុស្ស ថាតើកំលាំងពលកម្មក្នុងស្រុក មានជំនាញគ្រប់គ្រាន់ហើយឬនៅ?
៣. ត្រូវមើលលើទីផ្សារ និងមធ្យោបាយទៅកាន់ទីផ្សារ។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា បើទោះបីយើងមានគ្រប់ក្របខ័ណ្ឌទាំងបី ខាងលើនេះក៏ដោយ ការអភិវឌ្ឍន៌មិនអាចទៅរួចទេ បើប្រទេសយើងគ្មានសន្តិភាព ឬប្រទេសជាតិត្រូវរំខាន ដោយការធ្វើបដិវត្តពណ៌ ឬម្យ៉ាងទៀតត្រូវគិតគូរ ឲ្យបានត្រឹមត្រូវក្នុងការទទួលយក អ្នកវិនិយោគមួយចំនួន បើមិនដូច្នោះទេ គេនឹងបន្សល់ឲ្យយើងនូវកម្មករ ដែលអត់មានការងារបន្ទាប់ពីពួកគេចាកចេញ ឬបោះបង់ការវិនិយោគរបស់ពួកគេ ដោយប្រការណាមួយ។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងសន្ទរកថា បើកព្រឹត្តិការណ៍ លើប្រធានបទស្តីពី «ការធ្វើសមាហរនកម្ម ទៅក្នុងខ្សែសង្វាក់តម្លៃសាកល ភាពជាដៃគូ ក្នុងហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព និងបទដ្ឋាន»។

ក្រៅពីសន្និសីទខាងលើ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានជួបពិភាក្សាជាមួយលោក ម៉ាមូត ម៉ូហ៊ីឌីន អនុប្រធានក្រុមការងារធនាគារពិភពលោក ពីស្ថានភាពសេដ្ឋកិច្ច ឧស្សាហកម្ម ទំនាក់ទំនងសហប្រតិបត្តការ ជាមួយធនាគារពិភពលោក ពិសេសសម្រាប់កម្ពុជា នៅពេលអនុវត្តកម្មវីធីភាពជាដៃគូប្រចាំប្រទេស។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើធនាគារពិភពលោក ពិនិត្យក្នុងការជួយដល់ កសិឧស្សាហកម្ម ដែលជាសក្តានុពលមួយក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានជម្រាបលោក ម៉ាមូត ម៉ូហ៊ីឌីន ឲ្យបានយល់ពីស្ថានការនយោបាយ នៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ ​។ «បើគ្មានសន្តិភាព ក៏មិនមានប្រជាធិបតេយ្យ និងគ្មានការអភិវឌ្ឍដែរ»។

នៅពេលបញ្ចប់សន្និសីទថ្នាក់រដ្ឋមន្ត្រី នៃបណ្តាប្រទេសអភិវឌ្ឍតិចតួច សន្និសីទក៏បានចេញសេចក្តីថ្លែងការរួម ដោយផ្តោតទៅលើ​ ពិនិត្យការអនុវត្ត បរិយាប័ន និងការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចិរភាព (ISID) តាមរយៈការកសាងភាពជាដៃគូ សម្រាប់ប្រទេសអភិវឌ្ឍតិចតួច ជាមួយផែនការសកម្មភាព អីស្តានប៊ុល (Istanbul Program) កម្មវិធីអភិវឌ្ឍន៍ដោយចិរភាព ២០៣០ និង ផែនការអាប៊ូដាប៊ី។ សំខាន់ជាងនេះគ្រប់បណ្តាប្រទេស ត្រូវធ្វើសកម្មភាពជាក់ស្តែង ឲ្យបានច្រើនឡើងៗ និងទទួលបានភាពវិជ្ជមានច្រើនឡើងៗ ហើយក៏មានការឯកភាពគ្នា លើចំណុចដូចខាងក្រោម៖
១.កិច្ចសហការផ្នែបច្ចេកទេស និងការផ្តល់សេវាកម្មវិធី
២.ភាពជាដៃគូក្នុងការអភិវឌ្ឍ
៣.បង្កើតការវិនិយោគ
៤. ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង នវានុវត្ត
៥. យុវជន ស្ត្រី និងសហគ្រិនភាព
៦.កាត់បន្ថយទំនាស់ និងការធ្វើឲ្យប្រសើរឡើងវិញ
៧.សន្តិសុខស្បៀង
៨.កិច្ចព្រមព្រៀងពាណិជ្ជកម្ម
៩.ការធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។
ទាំងអស់នេះជាកត្តាគន្លឺះ នាំទៅរកលទ្ធផលជាផ្លែផ្កា ដល់បណ្តាប្រទេសអភិវឌ្ឍតិចតួច៕