(កំពត)៖ កម្លាំងអាវុធហត្ថខេត្តកំពត បំបែកសំណុំរឿងករណីឃាតកម្មមួយ ដែលកើតឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះ នៅ ចំណុចខាងត្បូងឈៀងខាងលិចសាលាវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ស្ថិតក្នុងភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយជនសង្ស័យ អារ-ក សម្លាប់ជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ។

ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច កម្លាំងអាវុធហត្ថខេត្តកំពត សហការជាមួយអាវុធខេត្តសៀមរាប ក៏ឈានទៅស្រាវជ្រាវ វែកមុខសញ្ញា ដោយឃាត់ខ្លួន បានជនដៃដល់ពិតប្រាកដចំនួន២នាក់ នៅវេលាម៉ោង៤៖៥០នាទី រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ការដ្ឋានសំណង់ ខាងលិចផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តកំពត បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពតឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីវេលាម៉ោង១៖២០នាទីរសៀល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ មិត្ត រតនៈ (ហៅដាំ) អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រៃតុម្ត ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានស្លាប់យ៉ាងវេទនា។

សមត្ថកិច្ចដដែលបានបន្តថា ជនសង្ស័យ ដែលសមត្ថកិច្ចសហការគ្នា ឃាត់ខ្លួនបាននោះ អតីតជាព្រះសង្ឃរួមមានទី១៖ ឈ្មោះ ចាន់ កុសល (ហៅភាព) អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត​, និងទី២៖ ឈ្មោះ ចក់ សុផល អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិឫស្សីមួយគុម្ភ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តកំពត នាំខ្លួនមកដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតហើយ ដើម្បីសាកសួរកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។

គួររំលឹកថា កាលពី​រសៀលថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ អ្នកភូមិ​បាន​ប្រទះឃើញ​សព​យុវជន​ម្នាក់​ ស្ថិតនៅ​ខាងត្បូង​ឈៀង​ខាងលិច ក្បែរសាលា​វិទ្យាល័យ​ហ៊ុន សែន​ព្រែក​ត្នោត ក្នុងភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ដោយជនរងគ្រោះខាងលើ ឈ្មោះ មិត្ត រតន: (ហៅដាំ) សាកសព​ស្ថានភាព​មាន​លក្ខណៈ​គួរឱ្យ​ព្រៃផ្សៃ ​ដោយ​បង្កឡើង​ពី​ជនដៃដល់ របៀប​អា​រក​សម្លាប់​៕