(រតនគិរី)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​នេះ លោក​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទាខេត្ត​ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រក្រ​ ស្ត្រីមេម៉ាយ​ ជនចាស់ជរា​ងាយរងគ្រោះ ២០៥គ្រួសារ​ នៅស្រុកកូនមុំ​ ខេត្តរតនគិរី។

លោកអភិបាលខេត្ត​ ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ​ និងក្តីនឹករលឹកពីសំណាក់សម្តេចទាំងពីរ​ សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនលោកតា​ លោកយាយ​ ពុក​ ម៉ែ​ បងប្អូនប្រជាពលដ្ឋទាំងអស់​ ដែលជានិច្ចជាកាលសម្តេចតែតែគិតគូរអំពីសុខទុក្ខរបស់បងប្អូន​ទោះក្នុងកាលៈទេសៈណាក៏ដោយ​ក៏សម្តេចនៅតែរួមសុខរួមទុក្ខជាមួយបងប្អូនជានិច្ច សម្តេចបានលះបង់ជាច្រើនទាំងកម្លាំងកាយ​ ចិត្ត​ ប្រាជ្ញា​ ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុភមង្គល​ សុខដុមរម្យនាសម្រាប់ប្រជាជាតិទាំងមូល​។

លោកអភិបាលខេត្ត​ បានបញញ្ជាក់ផងដែរអំពីស្ថានការនយោបាយកម្ពុជា​ ដែលរាជរដ្ឋាភិបាលបានសម្រេចរំលាយគណបក្សនយោបាយ​មួយ​ គឺអនុត្តន៍ទៅតាមច្បាប់​ ចំពោះបក្សនយោបាយណា ដែលរួមគំនិតជាមួយបរទេស​ ក្នុងគោលបំណងបំផ្លិចបំផ្លាញ​ប្រទេស​ និងបង្ករអស្ថេរភាពសង្គម​ ញុះញ៉ុងឲ្យមានការរើសអើងជាដើម​។​

«ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះៗ​ បានប្រែក្លាយពីស្នូរកាំភ្លើង​ និងការប្រើប្រាស់អាវុធបង្ហូរឈាម​ បែរមករកតុចចារ​ និងនាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស​ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នេះមិនត្រូវឲ្យក្រុមជនអគតិមកបំផ្លាញនោះឡើយ»។ លោក ថង សាវុន ថ្លែងអំពាវនាវទៅកាន់ប្រជាពលរដ្ឋ។

នាឱកាសនោះលោកអភិបាលខេត្តរតនគិរី​ បានប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា​ រួមមាន៖​ អង្ករ២៥គីឡូក្រាម​ មី​ និងឃីត​មួយកញ្ចប់​ ដល់ប្រជាពលរដ្ឋទាំង ២០៥​គ្រួសារ​ ជាមួយនឹងបណ្តាំផ្ញើឲ្យខិតខំថែរក្សាសុខភាព​ និងការងារបង្ករបង្កើនផលដំណាំផ្សេងៗ៕