(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះជួយស្រុកកោះធំ ខេត្តកណ្តាល បានប្តេជ្ញានៅចំពោះមុខប្រជាពលរដ្ឋស្រុកកោះធំថា នឹងដាក់ចិត្តដាក់កាយប្រឹងប្រែងអភិវឌ្ឍន៍ស្រុកកោះធំឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លា បន្ថែមពីលើសមិទ្ធផលដែលកំពុងមានស្រាប។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះក្នុងពេលសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗនៅកម្ពុជាជាមួយយុវជនឃុំ នារីឃុំ និងប្រធានក្រុមបក្ស សរុបប្រមាណ ៥៩២នាក់ មកពី ១២ភូមិ ក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ក្នុងកិច្ចសំណេះសំណាលនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ លោកទេសរដ្ឋមន្ត្រី ក៏បានលើកដែរថា ស្រុកកោះធំ ក៏ទទួលបានការរីកចម្រើនច្រើនផងដែរ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្នស្រុកកោះធំទទួលបានស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនៅក្នុងស្រុកកោះធំ ហើយបាននិងកំពុងចូលរួមបម្រើប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋមកពីតំបន់នានានៅទូទាំងប្រទេស។ បន្ថែមពីលើស្ពានរីករដ្ឋាភិបាល បានប្រឹងប្រែងកសាងផ្លូវ ប្រឡាយទឹក សាលារៀន ដែលសុទ្ធសឹងជាសមិទ្ធផលបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកកោះធំ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា សមិទ្ធផលទាំងអស់នេះ មិនទាន់អាចបំពេញ និងឆ្លើយតបគ្រប់គ្រាន់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនោះឡើយ ហើយរាជរដ្ឋាភិបាល ក៏មិនទាន់ស្កប់ស្កល់ជាមួយកិច្ចអភិវឌ្ឍន៍នេះដែរ។ ក្នុងនាមជាប្រធានគណៈពង្រឹងស្រុកកោះធំ លោក ស៊ុន ចាន់ថុល បានប្តេជ្ញានៅចំពោះមុខប្រជាពលរដ្ឋស្រុកកោះធំថា នឹងដាក់ចិត្ត ដាក់កាយបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ស្រុកកោះធំឲ្យរីកចម្រើនខ្លាំងក្លាជាងពេលបច្ចុប្បន្នបន្ថែមទៀត។

ក្នុងកិច្ចសំណេះសំណាលនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីការរំលាយគណបក្សសង្គ្រោះជាតិ តាមអំណាចច្បាប់របស់កម្ពុជាផង។ លោកថា ការរំលាយគណបក្សសង្រ្គោះជាតិ ដោយសារតែថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះ បានប្រព្រឹត្តទង្វើក្បត់ជាតិ ក្បត់ផលប្រយោជន៍ប្រជាពលរដ្ឋ ដោយបានឃុបឃិតជាមួយបរទេសក្នុងចេតនាទុច្ចរិតប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើលចំពោះការរំលាយគណបក្សប្រឆាំងមួយ ព្រោះមិនបានប៉ះពាល់ដល់កិច្ចការអភិវឌ្ឍន៍របស់ប្រទេសជាតិនោះឡើយ ហើយស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់នៅតែល្អប្រសើរជាធម្មតា៕