(ភ្នំពេញ)៖ ការប្រមូលទិន្នផលស្រូវក្រអូបក្នុងឆ្នាំនេះ ទទួលបានផលយ៉ាងល្អប្រសើរ ជាមួយតម្លៃគួរជាទីពេញចិត្តរបស់កសិករ ដោយក្នុង​១គីឡូក្រាមកសិករអាចទទួលបានតម្លៃ១០៥០រៀល ទៅ១០៧០រៀល ឬលើសពីនេះ។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧​​ថា «ក្នុងឆ្នាំនេះការប្រមូលផលស្រូវក្រអូបផ្កាម្លិះ ទទួលបានផលប្រមាណជា៧០%ហើយ ចំណែកឯតម្លៃស្រូវក្នុងឆ្នាំនេះ ក៏មានតម្លៃថ្លៃជាងឆ្នាំមុន ដោយពីឆ្នាំមុនកសិករលក់បានជាង៩០០រៀលក្នុង១គីឡូក្រាម តែឆ្នាំនេះតម្លៃចាប់ពី ១០៥០រៀល និង១០៧០រៀល ទៅតាមតំបន់នីមួយៗ។ តម្លៃស្រូវនេះ​មិន​ងាយធ្លាក់ចុះនោះឡើយ ដោយសារតែរោងម៉ាស៊ីនកិនស្រូវមានឡសម្ងូតច្រើន ដូច្នេះក្រុមហ៊ុនអាចទិញស្រូវមកស្ដុកទុកបានច្រើន និងធ្វើឲ្យតម្លៃស្រូវកាន់តែមានស្ថេរភាពល្អ»

លោកបានបន្ដទៀថា «ឆ្នាំនេះដោយសារតែល្បាយទឹកភ្លៀងធ្លាក់ល្អ ធ្វើឲ្យស្រូវទទួលបានផលច្រើន​ជាងឆ្នាំមុនៗ ជាធម្មតាមស្រូវផ្ការម្លិះ​ ទទួលបាន​ត្រឹមតែ៤តោនប៉ុណ្ណោះក្នុង១ហិចតា តែក្នុងឆ្នាំនេះមានតំបន់ខ្លះទទួលបាន៥-៦តោន ចំណែកឯគ្រាប់ស្រូវក៏ធំៗល្អជាងឆ្នាំមុនផងដែរ»

លោកបញ្ជាក់បន្ថែមទៀតថា ចំពោះស្រូវផ្សេងៗទៀត មិនមានជាបញ្ហាចោទ ឬប្រែប្រួលអ្វីឡើយ។ ចំណែកស្រូវសែនក្រអូបវិញ ត្រូវ​ដំណើរ​ការច្រូតកាត់ នៅរយៈពេលកន្លះខែខាងមុខទៀត តម្លៃស្រូវក្នុងឆ្នាំនេះ មានភាពល្អប្រសើរច្រើន សូម្បីគ្រាប់ស្រូវ គុណភាពស្រូវក៏ល្អព្រោះដោយសារតែល្បាយទឹកភ្លៀងគ្រប់គ្រាន់៕