(ពោធិ៍សាត់)៖ រហូតមកដល់ពេលនេះ (គិតត្រឹមថ្ងៃម្សិលមិញ) សម្រាប់ខេត្តពោធិ៍សាត់ទាំងមូល អតីតសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ១០០ភាគរយហើយ (ចំនួន៩៨រូប) របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចាកចេញ និងបានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៩៨រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្រ្តីគណបក្សសង្គ្រោះជាតិទាំង៩៨រូប រួមមាន៖
១.សមាជិកក្រុមប្រឹក្សាខេត្ត ០១ រូប
២.សមាជិកក្រុមប្រឹក្សាក្រុង ០១ រូប
៣.សមាជិកក្រុមប្រឹក្សាស្រុកភ្នំក្រវាញ ០២ រូប
៤.សមាជិកក្រុមប្រឹក្សាស្រុកបាកាន ០២ រូប
៥.សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ៩២ រូប
(សរុបរួម ៩៨ រូប ស្មើ ១០០% គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ លោក ស៊ុយ សែម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងថ្នាក់ដឹកនាំទាំងអស់ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ ទាំង៩៨រូបនោះយ៉ាងកក់ក្តៅជាទីបំផុត ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូល បាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាលចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា​ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.ប៕