(ត្បូងឃ្មុំ)៖ អតីតសមាជិកក្រុមប្រឹក្សាឃុំ និងបេក្ខជនបម្រុង ក្នុងខេត្តត្បូងឃ្មុំ សរុប១៣នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយបានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១៣រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង១៣រូបនេះ រួមមាន៖
១៖ ឈ្មោះ មុំ តឹក អាយុ៦១ឆ្នាំ ជាបេក្ខជនបំរុង ឃុំដូនតី ស្រុកពញាក្រែក
២៖ ឈ្មោះ មុំ សុភាព អាយុ៤៥ឆ្នាំ ជាបេក្ខជនបំរុង ឃុំដូនតី ស្រុកពញាក្រែក
៣៖ ឈ្មោះ រៀល យឿន ជាជំទប់ទី១ ឃុំមៀន ស្រុកអូររាំងឪ
៤៖ ឈ្មោះ គុយ គន់ ជាបេក្ខជនពេញសិទ្ធិ ឃុំមៀន ស្រុកអូររាំងឪ
៥៖ ឈ្មោះ វើក ឆុន ជាបេក្ខជនបំរុង ឃុំអំពិលតាពក ស្រុកអូររាំងឪ
៦៖ ឈ្មោះ សេន ហាំម៉ាត់ អាយុ៦០ឆ្នាំ ជាបេក្ខជនពេញសិទ្ធិ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ
៧៖ ឈ្មោះ សុខ ឌីន ភេទស្រី អាយុ៦១ឆ្នាំ ជាបេក្ខជនពេញសិទ្ធ ឃុំសេដា ស្រុកតំបែរ
៨៖ ឈ្មោះ សេង រីណា ភេទស្រីអាយុ៥១ឆ្នាំ ជាបេក្ខជនពេញសិទ្ធិ ឃុំសេដា ស្រុកតំបែរ
៩៖ ឈ្មោះ ខ្លី នៅ អាយុ៣៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សា ឃុំទន្លូង ស្រុកមេមត់
១០៖ ឈ្មោះ ពុត ណាសៀត អាយុ៣៦ឆ្នាំ ឥស្លាម ជាបេក្ខជនពេញសិទ្ធិ ឃុំរំចេក ស្រុកមេមត់
១១៖ ឈ្មោះ ស្លេះ រ៉សេត អាយុ៤០ឆ្នាំ ឥស្លាម ជាបេក្ខជនពេញសិទ្ធិ ឃុំរំចេក ស្រុកមេមត់
១២៖ ឈ្មោះ យិន គឹមយាង អាយុ២៩ឆ្នាំ ភេទស្រី ជាបេក្ខជនពេញសិទ្ធិ សង្កាត់វិហារលួង ក្រុងសួង
១៣៖ ឈ្មោះ បេត ចានណា អាយុ៣១ឆ្នាំ ភេទស្រី ជាបេក្ខជន សង្កាត់សួង ក្រុងសួង ។

គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង១៣រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕