(សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​នឹងដឹកនាំការធ្វើសមយុទ្ធ​យោធាដែនអាកាស នៅខែក្រោយនេះ ដោយមានការ​ចូលរួមពីយន្ដហោះ​ចម្បាំង ២៣០គ្រឿង ដើម្បីសម្ញែង​សាច់ដុំ ដាក់កូរ៉េខាងជើង ដែលតែងតែ​ចោទប្រកាន់ថា សមយុទ្ធរវាង​សម្ព័ន្ធមិត្ត​ទាំងពីរ គឺការត្រៀមលក្ខណៈ​ប្រកាសសង្រ្គាម ជាមួយទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ានហាប់ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។​

ទន្ទឹមគ្នានេះដែរ បើតាមកងកម្លាំង​ទ័ពអាកាស​អាមេរិកទី០៧ ប្រចាំកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល និងទីក្រុង​វ៉ាស៊ីនតោន នឹងដឹកនាំការធ្វើ​សមយុទ្ធយោធា​អាកាសរួមគ្នា​ប្រចាំឆ្នាំឈ្មោះ Vigilant Ace ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែធ្នូខាងមុខនេះ ដោយមានការ​ចូលរួមពីយន្ដហោះ​ចម្បាំង ២៣០គ្រឿង និងកងទ័ព​អាមេរិក ១២,០០០នាក់។ កងកម្លាំងទ័ព​អាកាស​អាមេរិក​ទី០៧ បានបញ្ជាក់​បន្ថែមដូច្នេះថា «សមយុទ្ធយោធា​អាកាសនេះ នឹងត្រូវធ្វើឡើង ក្នុងគោលបំណង​ពង្រឹងអន្តរប្រតិបត្តិការ​រវាងកងកម្លាំងទ័ព​អាកាស​អាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាបង្កើន​សមត្ថភាពប្រយុទ្ធ​នៃប្រទេស​ទាំងពីរ»។

គួរបញ្ជាក់ថា បើតាមយ៉ុនហាប់ សហរដ្ឋអាមេរិកក៏​នឹងបញ្ជូនក្រុមយន្តហោះ​ចម្បាំងបំបាំងកាយ (មានសមត្ថភាព​កិច្ចពីរ៉ាដា)​​ ធុន F-22 Raptor មកកាន់តំបន់​ទ្វីបកូរ៉េផងដែរ ខណៈ ក្រុមអ្នកជំនាញ​ព្រមានថា ភាពតានតឹងនឹងផ្ទុះឡើង​ជាថ្មីជាមួយ​កូរ៉េខាងជើង ដែលតែងតែ​ថ្កោលទោស និងបាញ់សាកល្បង​មីស៊ីល ជាការឆ្លើយតបទៅនឹង​ការធ្វើសមយុទ្ធ​យោធា រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក៕