(កំពង់ធំ)៖ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិ ស្រុកកំពង់ស្វាយ និងសមាជិកក្រុមប្រឹក្សា ឃុំត្រពាំងឫស្សី, បេក្ខជនពេញសិទ្ធិ ឃុំឈូក និងបេក្ខជនបម្រុងឃុំ នៅស្រុកបាសាទសំបូរ ខេត្ដកំពង់ធំ សរុប៨នាក់ទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​ទាំង៨រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីត​មន្ដ្រីគណបក្សសង្គ្រោះជាតិ​​ទាំង៨រូបនោះ រួមមាន៖
ទី១៖ លោក សុខ សំអាត អតីតអនុប្រធានគណកម្មាធិការប្រតិបត្តិ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ទី២៖ លោកស្រី នឿន សេង សមាជិកក្រុមប្រឹក្សា ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ទី៣៖ លោក ចក់ ភាព អតីតបេក្ខជនបម្រុង ឃុំសំបូរណ៍ ស្រុកបាសាទសំបូរ ខេត្ដកំពង់ធំ
ទី៤៖ លោក អ៊ុក សេង អតីតបេក្ខជនពេញសិទ្ធ ឃុំឈូក ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ
ទី៥៖ លោក មាស ឈឿ អតីតបេក្ខជនបម្រុង ឃុំសំបូរណ៍ ស្រុកបាសាទសំបូរ ខេត្ដកំពង់ធំ
ទី៦៖ លោកស្រី វ៉ាន់ ញឹប អតីតបេក្ខជនបម្រុង ឃុំតាំងក្រសៅ ស្រុកបាសាទសំបូរ ខេត្ដកំពង់ធំ
ទី៧៖ លោក ស៊ុ សន អតីតបេក្ខជនពេញសិទ្ធ ឃុំសំបូរ ស្រុកបាសាទសំបូរ ខេត្ដកំពង់ធំ
ទី៨៖ លោក ជុច នាង អតីតបេក្ខជនបម្រុង ឃុំសំបូរ ស្រុកបាសាទសំបូរ ខេត្ដកំពង់ធំ។

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​​​ទាំង៨រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕