(កំពង់ចាម)៖ រហូតមកដល់ថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នេះ អតីត​សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងបេក្ខជនបម្រុង​ ទូទាំងខេត្តកំពង់ចាម​ចំនួន១៤១នាក់ បានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា​។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១៤១រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់ របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្រ្តីគណបក្សសង្គ្រោះជាតិទាំង១៤១រូប រួមមាន៖​ សមាជិកក្រុមប្រឹក្សាខេត្ត​២នាក់, សមាជិកក្រុមប្រឹក្សាស្រុក​៥នាក់, មេឃុំ​៦នាក់, ជំទប់ទី១ ចំនួន​១៤នាក់, ជំទប់ទី២ ចំនួន​៧នាក់, សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន៤៣នាក់ និងបេក្ខជនបម្រុងចំនួន ៦៣នាក់។

អនុប្រធានគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម ​លោក គួច ចំរើន បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​​​​​ទាំង១៤១រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

​សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកានេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕​