(រតនគិរី)៖ ផ្លូវមួយខ្សែប្រវែង១,២០០ម៉ែត្រ​ ស្ពានថ្មបេតុងឆ្លងកាត់ប្រឡាយ​ ​០១កន្លែង​ ស្ថិតក្នុងឃុំល្បាំង១​ និងល្បាំង២​ ស្រុកលំផាត់​ ខេត្តរតនគិរី ត្រូវបានសាងសង់ និងជួសជុលរួចរាល់ និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ហើយនៅថ្ងៃសុក្រ​ ០៦កើត​ ខែមិគសិរ​ ឆ្នាំរកា​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះ។

ប្រជាពលរដ្ឋក្នុងស្រុកលំផាត់ បានសម្តែងក្តីសប្បាយរីករាយ និងត្រេកអរជាមួយសមិទ្ធផលផ្លូវ និងស្ពានថ្មបេតុងនេះ ព្រោះបានរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ពួកគាត់ផងដែរ។ លោក ថង សាវុន អភិបាលខេត្តរតនគិរី ក្នុងពេលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងស្ពាននេះ បានសុំឲ្យប្រជាពលរដ្ឋជួយថែទាំទាំងអស់គ្នា ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ អភិបាលខេត្តរតនគិរី​ បានផ្តាំផ្ញើប្រជាពលរដ្ឋឲ្យខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផល​ស្រូវ​ និងផលដំណាំនានា​ និងខិតខំថែរក្សាសុខភាពនារដូវត្រជាក់នេះ​។​ ទន្ទឹមនេះ មាតាបិតា​ អាណាព្យាបាល​ត្រូវបញ្ជូនកូនៗឲ្យទៅសិក្សារៀនសូត្រឲ្យបានគ្រប់ៗគ្នា​ និងត្រូវបង្កើនស្មារតីសហគមន៍ក្នុងការជួយថែរក្សា​ សមិទ្ធផលនៅក្នុងភូមិករឲ្យប្រើប្រាស់បានយូរអង្វែង​។​

ចំពោះបញ្ហាសន្តិសុខជាតិ​ លោក ថង សាវុន ​បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា​ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានខិតខំទប់ស្កាត់រាល់បាតុភាពទាំងឡាយណា​ និងជនទាំងឡាយណាដែលមានបំណងចង់បង្ករភាពអសន្តិសុខ​ វិនាសកម្ម​ ដល់ប្រទេស​ និងប្រជាជន​ មិនអាចឲ្យជនណាម្នាក់មកបំផ្លាញសេចក្តីសុខ​ សន្តិភាពរបស់ជាតិយើងបានឡើយ​ ។​

នៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ លោក​ ថង​ សាវុន​ អភិបាលខេត្ត​ អមដំណើរដោយអភិបាលរងខេត្ត​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាពមួយចំនួន​ បានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រស្ថិតនៅក្នុងឃុំល្បាំង១​ និងឃុំល្បាំង២​ និងការងារបង្ករបងើនផលស្រូវរបស់ប្រជាពលរដ្ឋនៅឃុំល្បាំង២​ ដែលបច្ចុប្បបន្នកំពុងធ្វើការប្រមូលផលបានប្រមាណ៧០%​។​

តាមការឲ្យដឹងពីលោក​ ចាន់​ ប៊ុនធឿន​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយម​ខត្ត​ នៅក្នុងឃុំល្បាំង១​ និងល្បាំង២​ មានប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពផ្គត់ផ្គងផ្ទៃដីកសិកម្មប្រមាណជាង ៧០០ហិកតា​ ទាំងរដូវប្រាំង​ និងរដូវវស្សា​។​

យោងតាមរបាយការណ៍មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្ត​ ការប្រមូលផលស្រូវទូទាំងខេត្ត អនុវត្តបាន ១៥,៩០១​ហិកតា​ ស្មើ​៦០%​ លើផ្ទៃដីប្រមូលផល​ ២៦,១០៧​ហិកតា​ ទិន្នផលមធ្យម ២,២២តោន/ហិកតា។

លោក​អភិបាលខេត្ត​ បានជំរុញណែនាំដល់មន្ទីរ​ អង្គភាពពាក់ព័ន្ធធ្វើយ៉ាងណាជំរុញឲ្យប្រជាពលរដ្ឋបង្ករបង្កើនផលកសិកម្មឲ្យអស់លទ្ធភាព​ និងជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសមួយចំនួន​ ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់​ មានគុណភាពល្អ​ ជំរុញការស្វែងរកទីផ្សារ​ និងរៀបចំប្រព័ន្ធធារាសាស្ត្រធានាឲ្យការស្រោចស្រពគ្រប់គ្រាប់សម្រាប់ការងារកសិកម្ម​៕