(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចំាំប្រទេសកម្ពុជា រួមជាមួយក្រសួងបរិស្ថានបានរៀបចំ «ទិវាអនាម័យបរិស្ថានជាតិ» ក្រោមប្រធានបទ «តោះនាំគ្នាសម្អាតផ្ទះរបស់យើង» និង «បរិស្ថានស្អាត គ្មានសំរាម គ្មានសំណល់ប្លាស្ទិក និងគ្មានការបំពុល»។

ទិវានេះត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបំណងប្រមូលផ្តុំប្រជាពលរដ្ឋពីគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា ឲ្យចូលរួមក្នុងសកម្មភាពមួយដែលនឹងផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន។ ព្រឹត្តិការណ៍នេះក៏ដើម្បីលើកកម្ពស់ការយល់ដឹង ជាសាធារណៈ អំពីបញ្ហាបរិស្ថាន និងដើម្បីអំពាវនាវឲ្យមានការចូលរួមរបស់បុគ្គលម្នាក់ៗ នៅក្នុងបេសកកម្មការពារបរិស្ថាន អភិរក្សជីវចម្រុះនិងការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប ដើម្បីធានានិរន្តរភាពបរិស្ថាន។

នៅពេលព្រឹកព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងនៅសាសាបឋមសិក្សាភ្នំពេញថ្មី ក្រោមអធិបតីភាព លោក ចុង យុនហ្គីល ប្រធានតំណាង នៃការិយាល័យកូយកាប្រចាំប្រទេសកម្ពុជា និងលោកស្រី ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន និងលោក ស៊ុយ សេរិទ្ធ អភិបាលរងសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ចុង យុនហ្គីល បានលើកឡើងថា វិស័យបរិស្ថានមិនបានបញ្ចូលក្នុងវិស័យអាទិភាពរបស់កយកា (KOICA) ក្នុងយុទ្ធសាស្ត្រផ្តល់ជំនួយសម្រាប់ប្រទេសកម្ពុជានោះទេ។ ប៉ុន្តែ KOICA បានសម្រេចចិត្តគាំទ្រយុទ្ធនាការនេះ ពីព្រោះព្រឹត្តិការណ៍នេះ មានអត្ថន័យពិសេស មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកទាំងមូលទៀតផងដែរ។
លោកបានបន្តទៀតថា វប្បធម៌នៃការប្រើប្រាស់ថង់បរិស្ថានត្រូវបានណែនាំឲ្យប្រើប្រាស់យ៉ាងសកម្មនៅសាធារណរដ្ឋកូរ៉េ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េ។

«គ្មានការបង់ថ្លៃពិសេសណាមួយសម្រាប់ការប្រើប្រាស់ថង់បរិស្ថាននេះទេ អ្វីដែលយើងធ្វើគឺដើម្បីឱ្យមានភាពសុខដុមជាមួយនឹងធម្មជាតិ។ យើងសង្ឃឹមថា យុទ្ធនាការនេះ នឹងក្លាយជាជំហានដំបូង សម្រាប់ប្រជាពលរដ្ឋកម្ពុជា បកមកប្រើប្រាស់ថង់បរិស្ថានក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ»។ លោក ចុង យុនហ្គីល បានបញ្ជាក់។

លោក ចុង យុនហ្គីល សង្ឃឹមថា យុទ្ធនាការនេះនឹងក្លាយជាជំហានដំបូងក្នុងការប្រើប្រាស់ថង់អេកូ(ថង់បិរស្ថាន) សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកស្រី ងិន លីណា បានថ្លែងថា ប្រទេសកម្ពុជាបានបង្ហាញការគាំទ្ររបស់ខ្លួនផងដែរចំពោះទិវាអនាម័យបរិស្ថាននេះ ដោយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រិតលេខ៤៧ កំណត់យកថ្ងៃទី២៣ ខែវិច្ឆិកា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ដោយមានគោលបំណងលើកទឹកចិត្ត និងជុំរុញប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងស៊ីវិល និងមន្រ្តីរាជការ ប៉ូលីស/ទាហ៊ាន ព្រះសង្ឃ សិស្សានុសិស្ស ចូលរួមសំអាតបរិស្ថាននៅរាជធានី ទីធ្លាសាធារណៈ លំនៅដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្សារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ។

លើសពីនេះទៀតនៅរសៀលថ្ងៃដដែលនោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចំាំប្រទេសកម្ពុជា ក៏បានធ្វើសកម្មភាពមួយទៀតដែលមានឈ្មោះថា «ពិធីប្រគល់ និង ទទួលធុងសំរាម» នៅសាលាបឋមសិក្សាត្រពាំងអញ្ចាញ។ ពិធីនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាលកូរ៉េ គឺអង្គការហូលថ៍ដើម្បីសុខុមាលភាពកុមារ (Holt Children's Services Inc.)។

ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ចុង យុនហ្គីល ប្រធានតំណាង នៃការិយាល័យកូយកាប្រចាំប្រទេសកម្ពុជា និង លោក ឃឹម ស៊ុនសូដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ។ ពិធីប្រគល់និងទទួលធុងសំរាម នឹងត្រូវបានធ្វើស្របគ្នាទៅនឹងសកម្មភាពបង្កើនការយល់ដឹងអំពីបរិស្ថាន។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះដែរ សមាគមអតីតកម្មសិក្សាការី កម្ពុជា កូរ៉េ (CAMKAA) ដែលជាសមាគម សង្គម វប្បធម៌ និង សិក្សាស្រាវជ្រាវ និង មិនធ្វើនយោបាយ ឬ មិនរកប្រាក់កម្រៃ ដែលបានបង្កើតឡើង ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ សមាគមនេះនឹងជូយចែកសម្ភារៈកីឡាដល់កុមារនៅសហគមន៍នោះផងដែរ។

កម្មវិធីនេះនឹងមានអ្នកចូលរួមប្រមាណ១៦០នាក់។ អ្នកចូលរួមទាំង១៦០នាក់ រួមមានអ្នកភូមិ មកពីសហគមន៍ត្រពាំងអញ្ចាញ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) អាជ្ញាធរមូលដ្ឋាន ក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ និងបុគ្គលិកមកពីកយកា ព្រមទាំងអង្គការហូលថ៍ដើម្បីសុខុមាលភាពកុមារ។

ពិធីនេះផ្តោតសំខាន់លើការផ្តល់ធុងសំរាមទៅសហគមន៍ត្រពាំងអញ្ចាញ ដែលស្ថិតនៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គេរំពឹងថាធុងសំរាមដែលបានផ្តល់ នឹងជួយថែរក្សាសហគមន៍ឱ្យស្អាតនិងមានសុខភាពល្អ។ សហគមន៍ក៏នឹងបង្កើនចំណេះដឹង និងការយល់ដឹងអំពី អនាម័យ និងបរិស្ថាន។ ៕