(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋា​ន (GDP) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសឱ្យដឹងថា គណបក្សនេះ នឹងមិនទទួលយក អាសនៈឃុំ/សង្កាត់នៅទំនេរ ដែលបែងចែកដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយរំលាយគណបក្សសង្រ្គោះជាតិនោះទេ។

លិខិតរបស់ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ផ្ញើទៅកាន់ លោក ស៊ិក​ ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមប្រកាសមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៤ ឆ្នាំ២០១៧ របស់គណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូល ចេញសាលដីការរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧»

សូមបញ្ជាក់ថា ការប្រកាសជំហររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋា​ន បានធ្វើឡើងបន្ទាប់ពី គ.ជ.ប ត្រៀមរៀបចំបែងចែកអសនៈក្រុុមប្រឹក្សាឃុំ/សង្កាត់ ជូនគណបក្សនយោបាយនានា ដែលបានចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅឆ្នាំ២០១៧នេះ ក្រោយតុលាការកំពូលកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ៕