(ភ្នំពេញ)៖ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ​បង់ប្រាក់ពន្ធតា​ម​ Online (E-Payment) នឹងជួយជំរុញការអនុវត្តការប្រមូលពន្ធប្រកបដោយភាពត្រឹមត្រូវ និងជួយឲ្យការប្រមូលពន្ធគ្រប់តាម​ច្បាប់ថវិកាជាតិ។

ការថ្លែងបែបនេះ របស់លោក គង់ វិបុល ធ្វើឡើងនាឱកាសដែលលោកអញ្ជើញជា អធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «កាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងការកែទម្រងផ្នែកប្រព័ន្ធរដ្ឋបាលសារពើពន្ធ» នាព្រឹកថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៧​។

លោកអគ្គនាយកបានថ្លែងថា «ប្រព័ន្ធ E-Payment នេះ នឹងជួយឲ្យមានការប្រមូលពន្ធគ្រប់ចំនួន ឬក៏លើសពីច្បាស់ថវិកា។ យើងត្រូវតែខិតខំសម្រួល នូវការបង់ពន្ធឲ្យបានងាយស្រួលក្នុងការបង់ពន្ធ ហើយអ្នកជាប់ពន្ធពិបាកគេចពន្ធ»។

លោកបញ្ជាក់ទៀតថា ធនាគារដៃគូដែលនឹងប្រតិបត្តិប្រព័ន្ធ E-Payment នេះរួមមានធនាគារអេស៊ីលីដា, ធនាគារកាលណាឌីយ៉ា, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ និងធនាគារ ANZ Royal៕