(វែនគូវឺ-កាណាដា)៖ នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយនឹងជប៉ុន, លោក Tomohiro YAMAMOTO អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន បានបញ្ជាក់ថា ជប៉ុននៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀតក្នុងវិស័យរក្សាសន្តិភាព ជាពិសេស ពង្រឹងសមត្ថភាពដល់កងទ័ពមួកខៀវកម្ពុជាលើជំនាញធ្វើផ្លូវ និងជំនាញវិស្វកម្មផ្សេងៗទៀត។

ការអះអាងរបស់ Tomohiro YAMAMOTO បានធ្វើឡើងនៅក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពីការ រក្សាសន្តិភាពក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ នៅទីក្រុង វែនគូវឺ ប្រទេសកាណាដានាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាការឆ្លើយតបសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា កងកំលាំងរក្សាសន្តិភាពរបស់កម្ពុជា​បានចេញទៅបំពេញ បេសកកម្មរក្សាសន្តិភាព ជាបន្តបន្ទាប់ពោរពេញទៅដោយសមត្ថភាព បានទទួលការកោតសរសើរពីអង្គការសហប្រជាជាតិ ដែលក្នុងនោះមួយផ្នែក ក៏បានទទួលការជួយឧបត្ថមពីជប៉ុន ក្នុងការហ្វឹកហ្វឺន និងបំពាក់សំភារៈផ្សេងៗ។

បន្ថែមពីលើនេះ លោក Tomohiro YAMAMOTO បញ្ជាក់ឲ្យដឹងទៀតថា ឆ្នាំ២០១៦ គឺជាខួបទី២៥ នៃការចេញបំពេញបេសកម្មថែរក្សាសន្តិភាព របស់កងទ័ពជប៉ុន ដែលការចាកចេញលើកទី១ គឺទៅថែរក្សាសន្តិភាពនៅប្រទេសកម្ពុជាសម័យអ៊ុនតាក់បានធ្វើឲ្យជប៉ុនមានអារម្មណ៍ ដិតជាប់ជាមួយកម្ពុជាចាប់តាំងពីពេលនោះមក។

លោកអនុរដ្ឋមន្ត្រីការពារជាតិជប៉ុនបន្តថា ពេលនេះកម្ពុជាមានសន្តិភាពហើយបានបញ្ជូនកងទ័ព ទៅចូលរួមថែរក្សាសន្តិភាព ថែមទៀត ដែលជាមោទនភាពទាំងកម្ពុជានិង ជប៉ុន ក្នុងការចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពពិភពលោក ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរំលឹកឡើងវិញ នូវអនុស្សាវរីយ៍ដែលជប៉ុន បានបញ្ជូនកំលាំង មកបំពេញបេសកកម្ម ថែរក្សា សន្តិភាពនៅកម្ពុជា ដែលបានបន្សល់ទុក នូវស្លាកស្នាម ចាប់ពីផ្លូវជាតិលេ៣ ដល់ខេត្តកំពត និង ក្រុងព្រះសីហនុ និង បានជួយកសាងប្រទេសកម្ពុជាឡើងវិញ ដែលខ្ទេចខ្ទាំដោយសារសង្គ្រាមមានការកសាងហេត្ថារចនាសម្ព័នផ្លូវ និងស្ពាន៕