(ភ្នំពេញ)៖ នាយកប្រតិបត្តិអង្គការគាំទ្រកុមារនិងយុវជន ហៅកាត់ថា SCY លោក ឯម ច័ន្ទមករា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗប្រកាសគាំទ្រដល់ការប្រកាសសាលក្រមរបស់តុលាកាកំពូល ដោយចាត់ទុកថាជាការសម្រេចឡើងដោយយុត្តិធម៌ មានតល្លាភាព និងមានសុភវិនិច្ឆ័យខ្ពស់ត្រឹមត្រូវស្របតាមឆន្ទៈរបស់ប្រជារាស្ត្រ និងស្រមតាមច្បាប់ស្តីពីគណបក្សនយោបាយ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ លោក ឯម ច័ន្ទមករា បានសង្កត់ធ្ងន់ថា បើទោះបីជាអវត្តមានរបស់លោក កឹម សុខា ពីឆាកនយោបាយនិងការរំលាយគណបក្សសង្គ្រោះជាតិ គឺពិតជាពុំធ្វើឱ្យប៉ះពាល់ដល់ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើយ ផ្ទុយទៅវិញ លោក ឯម ច័ន្ទមករា បានចាត់ទុកថានេះគឺជាការធានានូវការរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយជូនប្រជាជនកម្ពុជាដែលបច្ចុប្បន្នកំពុងតែមានភាពសុខសប្បាយជាមួយនឹងការអភិវឌ្ឍដោយឥតឈប់ឈរ។

នាយកប្រតិបត្តិអង្គការរូបនេះក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តការផ្តល់ជំនួយមនុស្សធម៌ បន្តចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដើលលើផ្លូវដ៏ត្រឹមត្រូវ ដែលជាក្តីប៉ណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

លោក ឯម ច័ន្ទមករា ក្នុងនាមអង្គការសង្គមស៊ីវិលមួយ បានបង្ហាញជំនឿយ៉ាងម៉ុតមាំថា ក្រោយការប្រកាសសលដីការរបស់តុលាការកំពូលលើករណីក្បត់ជាតិ បំរើបរទេសពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះទៅ ប្រទេសជាតិនឹងកាន់តែមានការអភិវឌ្ឍនិងរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាកុលបុត្រខ្មែរ បម្រើឱ្យផលប្រយោជន៍ខ្មែរសុទ្ធសាធ៕