(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំរបស់ខ្លួនលើកទី៩ ដើម្បីពិភាក្សានិងអនុម័ត លើច្បាប់ថវិកាជាតិឆ្នាំ២០១៨ និងរបៀបវារៈ មួយចំនួន។

សម័យប្រជុំនេះ ធ្វេីឡេីងក្រោមអធីបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៥រូប ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា សម័យប្រជុំពេញអង្គ រដ្ឋសភា នីតិកាលទី៥ លើកទី៩ មានរបៀបវារៈដូចជា៖

១៖ការបោះឆ្នោតជ្រើសតំណាងសមាជិក គណៈកម្មការនានា នៃរដ្ឋសភាបន្ថែមចំនួន ០២រូប។

២៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨

៣៖ ការពិភាក្សានិងអនុម័តនូវ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី ស្តីពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំ ពន្ធពាក់ព័ន្ធ និងពន្ធលើប្រាក់ចំណូល។
២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋាភិបាល នៃព្រះចៅស៊ុលតង់ និងយ៉ាងឌឺពើរតួននៃប្រទេសប្រ៊ុយណេដារូសាឡឹម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៤៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦៕