(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចទ័ពពិសេសឆត្រយោង៩១១ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។

ជាមួយគ្នានេះ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ក៏បានប្រកាសគាំទ្រពេញទំហឹង នូវអនុសាសន៍ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ។

នៅក្នុងញត្តិគាំទ្ររបស់ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ការចេញសាលដីការំលាយ គណបក្សសង្រ្គោះជាតិ ពីសំណាក់តុលាការកំពូល គឺជារឿងស័ក្តិសមបំផុតចំពោះការប្រព្រឹត្តទង្វើក្បត់ជាតិ របស់គណបក្សប្រឆាំងមួយនេះ ហើយមិនអាចអត់ឱនឲ្យបាននោះឡើយ។

កងពលតូចទ័ពពិសេសឆត្រយោង៩១១ ក៏បានបង្ហាញការគំាទ្រផងដែរចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។

ក្រោយមានសាលដីកាសម្រេចនេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ និងរក្សាសណ្តាប់ធ្នាប់សង្គម ព្រមទាំងអំពាវនាវឱ្យសកម្មជនគណបក្សសង្រ្គោះជាតិ ដែលតុលាការមិនបានបិទសិទ្ធិនយោបាយ បន្តធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សដទៃ ឬបង្កើតគណបក្សនយោបាយ។ ប្រសិនបើពួកគាត់ចង់នៅតែបន្តតួនាទីខ្លួន សម្តេចប្រកាសបន្តស្វាគមន៍ ដែលពួកគេមានពេល១សប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្ត៕