(សៀមរាប)៖ ក្រសួងទេសចរណ៍កម្ពុជា នារាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានរៀបចំកម្មវិធីជប់លៀងយ៉ាងគគ្រឹកគគ្រេង ដើម្បីស្វាគមន៍ប្រតិភូសមាគមទេសចរណ៍អាស៊ាន (ASEANTA) និងប្រតិបត្តិករទេសចរណ៍អន្តរជាតិ មុននឹងបើកដំណើរពិព័រណ៍​ទេសចរណ៍កម្ពុជាអន្តរជាតិ (CTM) ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ លើទឹកដីសៀមរាប-អង្គរ។

សម្រាប់ពិធីជប់លៀងស្វាគមន៍ជូនប្រតិភូអន្តរជាតិ ដែលឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីលោក U Onh Maung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍ នៃសហភាពមីយ៉ាន់ម៉ា នៅសណ្ឋាគារ Le Meridien ខេត្តសៀមរាប។

ក្នុងកម្មពិធីដ៏ពិសេសនេះ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា ដែលបានថ្លែងចំណាប់អារម្មណ៍ល្អនៅចំពោះមុខប្រតិភូអន្តរជាតិ ដែលបានចាត់ទុកកម្ពុជាដូចជាផ្ទះទី២ នៅក្នុងតំបន់អាស៊ី។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានកោតសរសើរលោក Yannick Aillerie អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិ ដែលជានិច្ចកាលតែងតែផ្ដល់កិច្ចសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងទេសចរណ៍ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ពិសេសបានចូលរួមគាំទ្រឧបត្ថម្ភក្នុងពិធីជប់លៀងជូនភ្ញៀវនារាត្រីនេះ។

ទន្ទឹងនឹងពិធីជប់លៀងខាងលើនេះ ភាគីកម្ពុជាក៏បានរៀបចំពិធីជប់លៀងស្វាគមន៍ប្រតិភូសមាគមទេសចរណ៍អាស៊ាន (ASEANTA) ដែលបានបញ្ចប់កិច្ច ប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល ASEANTA Board Meeting ប្រកបដោយជោគជ័យ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ Palate Angkor។

សូមជម្រាបថា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៧ លើកទី១ នឹងបើកដំណើរការនៅខេត្តសៀមរាប-អង្គរ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អមដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោករដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា លោកស្រីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមជាមួយការចូលរួមពីស្ថាប័នជាតិ-អន្តរជាតិ អ្នកទិញអន្តរជាតិ ២០០ក្រុមហ៊ុន និងអ្នកលក់ជាង ២០០ក្រុមហ៊ុន ព្រមទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិច្រើននាក់ទៀត។

ព្រឹត្តិការណ៍ CTM នេះ ប្រព្រឹត្តទៅអមជាមួយកម្មវិធីសំខាន់ៗជាច្រើន ដូចជា ការណាត់ជួបគ្នារវាងអ្នកលក់ និងអ្នក់ទិញជាតិ-អន្តរជាតិ
ដើម្បីធ្វើធុរកិច្ចទិញលក់កញ្ចប់ទស្សនកិច្ច វេទិកាទេសចរណ៍វប្បធម៌អាស៊ាន-ចិន (ACC) សិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលដៅ​ទេសចរណ៍ជាតិ និងអន្តរជាតិ ដោយអ្នកជំនាញទេសចរណ៍ និងការរៀបចំធ្វើបទបង្ហាញផ្សព្វផ្សាយផលិតផល និងសេវាកម្មទេសចរណ៍របស់​ ក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិនានា ការរៀបចំកម្មវិធីទស្សនកិច្ចមុនកិច្ចប្រជុំ និងក្រោយកិច្ចប្រជុំ ដើម្បីឲ្យភ្ញៀវអន្តរជាតិ បានសិក្សាស្វែងយល់ជាក់ស្ដែង អំពីសក្ដានុពលនៃគោលដៅទេសចរណ៍កម្ពុជា៕