(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីតុលាការកំពូល ចេញសាលដីកាសម្រេចរំលាយគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គណបក្សសញ្ជាតិកម្ពុជា ចេញសេចក្ដីថ្លែងការណ៍សូមគាំទ្រ និងថ្លែងអំណរគុណ ចំពោះចំណាត់ការរបស់តុលាការកំពូល ដែលបានកាត់សេចក្ដី រំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សិទ្ធិធ្វើនយោបាយ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រយៈពេល៥ឆ្នាំ អំពីបទក្បត់ជាតិ បម្រើបរទេស។

គណបក្សសញ្ជាតិកម្ពុជា នៅតែអំពាវនាវសុំសហគមន៍អន្ដរជាតិ និងក្រុមអគិតមួយចំនួន កុំមានគំនិតអវិជ្ជមាន ដោយមិនបានពិចារណាលើអង្គហេតុ និងអង្គច្បាប់មកលើរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ហើយយល់ថាទាល់តែលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ទើបមានលទ្ធិប្រជាធិបតេយ្យនោះ វាមិនត្រឹមត្រូវទេ។

គណបក្សសញ្ជាតិកម្ពុជា បានចាត់ទុកថាការរំលាយគណបក្សសង្គ្រោះជាតិនេះថា «រដ្ឋាភិបាលកម្ពុជាគ្រាន់តែដកផ្កាមួយគុម្ព ដែលស្អុយរលួយចោល ក្លិនមិនល្អចេញតែប៉ុណ្ណោះ ឯផ្កាដ៏ទៃទៀតនៅតែបន្ដរីកលូតលាស់យ៉ាងស្រស់បំព្រងចោលក្លិនក្រអូបឈ្ងុយឈ្ងប់ ក្នុងសួនប្រជាធិបតេយ្យដដែល»។