(ភ្នំពេញ)៖​ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការរៀបចំពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

ពិធីនោះនឹងប្រព្រឹត្តនៅម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានរាប់បាត្រ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន១០៨អង្គ នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនជនរងគ្រោះដែលបានបាត់បង់អាយុជីវិតក្នុងហេតុការណ៍រត់ជាន់គ្នា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។

គួរបញ្ជាក់ថា កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុរត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស ៣៥៣នាក់ ស្លាប់បាត់បង់ជីវិត និងជាង៧០០នាក់ទៀតបានរងរបួស៕