(កណ្ដាល)៖ ប្រមុខនៃរាជរដ្ឋាភិបាលនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋសភានឹងអនុម័ត ទៅលើច្បាប់ថវិកាជាតិ ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ស្អែកនេះ។ (សូមទស្សនាវីដេអូប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន)

ការមានប្រសាសន៍ខាងលើនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅ​ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត​២ម៉ឺននាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ឧស្សាហកម្ម 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន  បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅថ្ងៃស្អែកនេះ សភានឹងធ្វើការអនុម័ត ច្បាប់ថវិកាជាតិឆ្នាំ២០១៨ ហើយខ្ញុំសង្ឃឹមថានឹងមានគាំទ្រ យើងនឹងលើកពិដាន ប្រាក់ជាប់ពន្ធរហូតទៅដល់១,២០០,០០០រៀល ស្មើ៣០០ដុល្លារ មិនត្រូវបានជាប់ពន្ធ ដើម្បីកុំឲ្យមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ មានប្រាក់ខែក្រោម១លានរៀល បានជាប់ព័ន្ធ»

គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែតុលា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ «សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្តុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨»។

បើយោងតាមរបាយការណ៍ ខ្លឹមសារសង្ខេប ស្តីពីសេចក្តីព្រាងច្បាប់ថវិការជាតិ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិការដ្ឋ សរុបចំនួន ២៤,៣៧៥,១០២លានរៀល ដែលស្មើនឹងប្រមាណ៦ពាន់លានដុល្លារអាមេរិក កើនឡើង១៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ២១,១៥១,៩៨៥លានរៀល ស្មើនឹងប្រមាណជាង៥,២០០លានដុល្លារអាមេរិក៕