(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងពន្យល់ដល់មន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុប ពីការវិវត្តនៃសភាពការណ៍បច្ចុប្បន្នថា ធ្វើឡើងដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជាតែប៉ុណ្ណោះ មិនមែនដូចការបកស្រាយរបស់មតិមួយចំនួន ដែលថា វាជាបញ្ហាដែលកើតឡើង ដោយហេតុផលនយោបាយនោះឡើយ។

ការថ្លែងពន្យល់យ៉ាងច្បាស់ៗ ជុំវិញការវិវត្តថ្មីនៃសភាពការណ៍នៅកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសដែល លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្ដរជាតិ ជួបពិភាក្សាការងារជាមួយលោក Gunnar Wiegand មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប ដែលអមដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចជួបពិភាក្សានោះ លោក Gunnar Wiegand មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប បានលើកឡើង អំពីការព្រួយបារម្មរបស់អ៊ីរ៉ុប ចំពោះសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា ហើយបានគួសបញ្ជាក់ ពីបំណងរបស់អ៊ីរ៉ុបចង់ឃើញ ការប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។

អ្នកនាំពាក្យដដែលរូបនេះបានបញ្ជាក់ថា ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក Gunnar Wiegand ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានរំលឹកឡើងវិញ អំពីជំនួសរបស់លោក ជាមួយគណៈប្រតិភូសហភាពអឺរ៉ុបកាលពីពេលថ្មីៗនេះ ដោយក្នុងនោះលោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា លោកបានឆ្លើយតបនឹងការសួរ របស់គណៈប្រតិភូសហភាពអឺរ៉ុប និងបានពន្យល់ជាច្រើននៅក្នុងជំនួសនោះ ហើយគណៈប្រតិភូក៏បានបង្ហាញនូវការយល់ដឹង អំពីសភាការណ៍បច្ចុប្បន្ននេះ។

ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានសម្ដែងនូវការខកចិត្ត បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូសហភាពអឺរ៉ុប បានចេញនូវសេចក្ដីថ្លែងការណ៍មួយ ដែលវាមិនឆ្លុះបញ្ចាំងដោយ ត្រឹមត្រូវពិតប្រាកដ អំពីអត្ថន័យនូវការជួបពិភាក្សាគ្នារវាងគណៈប្រតិភូជាមួយនឹងលោកនោះឡើយ។ ដោយលោកចាត់ទុកថា សេចក្ដីថ្លែងការណ៍នោះ គឺត្រូវបានត្រៀមរៀបចំជាមុនរួចទៅហើយ សម្រាប់យកមកប្រកាសចេញផ្សាយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចតែប៉ុណ្ណោះ។

ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានពន្យល់ទៅកាន់មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប លោក Gunnar Wiegand ដោយផ្ដើមសំខាន់ទៅលើបញ្ហាចំនួន៣រួមមាន ទី១៖ បញ្ហាសង្គមស៊ីវិល, ទី២៖ បញ្ហាសេរីភាពសារព័ត៌មាន, និងទី៣៖ បញ្ហាអំពីគណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជា។

ចំពោះបញ្ហាសង្គមស៊ីវិល ទេសរដ្ឋមន្ដ្រីបានគួសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាប្រទេសមួយ ដែលមានការរីកចម្រើនខ្លាំង លើសង្គមស៊ីវិល ដែលរហូតមកដល់បច្ចុប្បន្ន មានអង្គការ ក្រៅរដ្ឋាភិបាលជាង៥ពាន់នៅកម្ពុជា ចំណុចនេះបង្ហាញឲ្យឃើញច្បាស់ អំពីភាពសេរីភាពនៃសកម្មភាព របស់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។ ការបិទអង្គ NDI នៅកម្ពុជា គឺដោយសារតែអង្គការនេះ មិនគោរពច្បាប់នៅកម្ពុជា ពោលគឺបានចុះបញ្ជីនៅក្រសួងការបទេសឡើយ។ ចំណែកកាបិទកាសែត The Cambodia Daily វិញ គឺកាសែតនេះ សម្រេចបិទការផ្សាយដោយខ្លួនឯង ព្រោះតែជំពាក់បំពុលពន្ធ របស់រដ្ឋស្របតាមច្បាប់ពន្ធដារ។

ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានអះអាងបញ្ជាក់យ៉ាងច្បាស់ ជាមួយនឹងការពន្យល់លម្អិតនោះថា «ករណីទាំង៣នេះ ដែលកើតឡើងនៅកម្ពុជានោះ គឺជាបញ្ហាការពង្រឹងនីតិរដ្ឋនៅកម្ពុជា ដោយសុទ្ធសាធ ពុំមែនដូចជាការបកស្រាយ របស់មតិមួយចំនួន ដែលថាវាជាបញ្ហាដែលកើតឡើង ដោយហេតុនយោបាយនោះឡើយ»។

ចំពោះបញ្ហាការប្រកាន់នូវលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សវិញ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានគួសបញ្ជាក់ថា ក្នុងករណីដែលមានការរំលាយគណបក្សសង្គ្រោះជាតិក៏កម្ពុជា ពុំមែនវិល ត្រឡប់ទៅរករបបឯកបក្ស របបដែលមានបក្សនយោបាយតែមួយនោះទេ ព្រោះជាគម្រោងរបស់រដ្ឋាភិបាល ក៏ដូចជារបស់អាជ្ញាធរមានសមត្ថកិច្ច គឺធ្វើការបែងចែកអសនៈនៅរដ្ឋសភា ទៅគណបក្សផ្សេងទៀត ហើយនៅពេលនោះគឺកម្ពុជា នៅតែរក្សាបាននូវរបបពហុបក្សនៅកម្ពុជាដដែល។

ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានឲ្យដឹងផងដែរ អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាតិ នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ ដោយលក្ខណៈសេរី យុត្ដិធម៌ ត្រឹមត្រូវ អាចទទួលយកបាន ដូចដែលកម្ពុជាបានធ្វើកន្លងមក ក្នុងការបោះឆ្នោត ឃុំ-សង្កាត់ ហើយក្នុងការបោះឆ្នោតនោះ ក៏នឹងមានការចូលរួមប្រកួតប្រជែងពីគណបក្សជាច្រើន ពុំមែនជាការ បោះឆ្នោតមានគណបក្សតែមួយនោះទេ៕