(កំពងចាម)៖ ​សមាជិកក្រុមប្រឹក្សាឃុំបារាយណ៍២រូបទៀត នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម របស់គណបក្សសង្គ្រោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។​ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

​លោក​ នុត ណៃ អាយុ៥២ឆ្នាំ និងលោក ឡេង ធី អាយុ៥៩ឆ្នាំ អ្នកទាំង២នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍ របស់គណបក្សសង្គ្រោះជាតិរូបនេះ ​បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា «យើងខ្ញុំបាទតស៊ូជាមួយជាមួយកណបក្សសង្រ្គោះជាតិជាច្រើនឆ្នាំ ហើយគ្នានបានអ្វីសោះ ឃើញតែការដណ្តើមអំណាចគ្នា បុណ្យសក្តិ ឈ្លោះទាស់ទែងគ្នា មិនចេះចប់ មិនថតែប៉ុណ្ណោះថ្មីៗនេះ ជាក់ស្តែងយើងខ្ញុំបាទបានឃើញលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាជនក្បត់ជាតិ។ យើងខ្ញុំ សម្រេចចិត្តសុំចូលរួមរស់ជាមួយគណបក្សប្រជាកម្ពុជា ដោយឃើញថា មានសុខសន្តិភាព មានការអភិវឌ្ឍ ពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ»

សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖