(ភ្នំពេញ)៖ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីផលិតករ​រឿង «នរណា Comeback» បានប្រកាសកាលពីល្ងាចថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ នៅចំពោះមុខសិល្បករ សិល្បការិនី និង​មហាជននៅទីសាធារណៈ មុខទីធ្លារផ្សារទំនើបស៊ីធីម៉លថា ផលចំណេញបានមកពីការលក់សំបុត្រ និង​ការដាក់បញ្ចាំងខ្សែភាពយន្តរឿង «នរណា Comeback» នឹងយកទៅបរិច្ចាគជួយមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងជួយដល់ទាហាននៅតាមបន្ទាត់ព្រំដែន របស់ប្រទេសកម្ពុជា។

នៅក្នុងពិធីសម្ពោធរឿង «នរណា Comeback» ​នៅបរិវេណផ្សារស៊ីធីម៉ល​កាលពីល្ងាចថ្ងៃទី​១៥ វិច្ឆិកា លោក ហួរ សុផល ចាងហ្វាងផលិតកម្ម «ក្លាស៊ិក» បានអះអាងថា ប្រាក់ចំណេញបានមកពីការដាក់បញ្ចាំង រឿង «នរណា Comeback» លោកនឹងដក​៥ភាគរយ មកពីការលក់សំបុត្រ ដើម្បីបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និងទាហានព្រំដែន។ ​លោកបញ្ជាក់ថា នេះ​មិនមែនជារឿង ដែលលោកផលិតឡើងដោយមួយភាគហ៊ុននោះទេ ប៉ុន្តែវាជាការសហការគ្នា ពីសំណាក់លោកស្រីម្ចាស់ក្លឹបម៉ារ៉ុក លឹម ម៉ារីណា ព្រមជាមួយនឹងការផ្ដល់ មូលនិធីពីមន្រ្ដីជាន់ខ្ពស់លោក ហូ ចំរើន ដែលត្រូវជាប្អូនធម៌របស់អ្នកស្រី លឹម ម៉ារីណា បន្ថែម​៥ពាន់ដុល្លារ ផងដែរ។ កាន់តែច្បាស់ទៅទៀត ទឹកលុយចំនូន៥ពាន់ដុល្លារនោះ ផលិតកម្មក្លាស៊ីក បញ្ជាក់យ៉ាងច្បាស់ថា នឹងយកទឹកលុយ​៥ពាន់ដុល្លារនេះ ទៅបរិច្ចាគទាំងស្រុង ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងទាហាននៅព្រំដែន ផងដែរ។

លោក ហួរ សុផល បាននិយាយនៅលើវេទិកា ​នៃកម្មវិធីសម្ពោធរឿង «នរណា Comeback» ប្រាប់ឲ្យដឹងថា​ «​ប្រភេទខ្សែភាពយន្ត បែបស្នេហាស្រឡាញ់ភេទដូចគ្នាមួយនេះ មិនមែនជារឿងដែលខ្ញុំ​ផលិតឡើង ដោយចំណាយថវិកា​លើខ្លួន​ឯងទាំងអស់នោះទេ ប៉ុន្តែមានការសហការគ្នា​ ពីសំណាក់លោកស្រី លឹម ម៉ារីណា ដែលជាម្ចាស់ក្លឹបម៉ារុក ហើយលោកស្រីក៏បានពិភាក្សា គំនិតមួយនេះ ព្រមទាំងសម្រេចបរិច្ចាគផលចំណេញ ដែលជាផលចំណែករបស់អ្នកស្រីទាំងស្រុង បរិច្ចាគទៅដល់មន្ទីរពេទ្យ គន្ធបុប្ផា និងទាហាន នៅឯព្រំដែន»។

ម្ចាស់ផលិតកម្មក្លាស៊ិក លោក ហូរ សុផល បាននិយាយសង្កត់​ធ្ងន់ថា «ចំពោះខ្ញុំផ្ទាល់ បានសម្រេចចិត្តរួចជាស្រេចថា នឹងដកផលចំណេញ៥ភាគរយ នៃការដាក់បញ្ចាំងខ្សែភាគយន្ត ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង​ជួយដល់កងទាហាន នៅតាមព្រំដែនតាមការបែងចែក នាពេលខាងមុខ។ ម្យ៉ាងទៀត ដៃគូភាគហ៊ុនក៏បានសម្រេចចិត្តពិភាក្សាគ្នា និង​យល់ស្របថា មិនយកផលចំណេញ ពីការបញ្ចាំងរឿងមកដាក់ហៅប៉ាវផ្ទាល់​ខ្លួននោះទេ ដោយក្នុងនោះ នឹងប្រគល់ជូន ដើម្បីជួយដល់កិច្ចការងារសង្គម ទាំងអស់»

ជាចុងក្រោយ លោក​ ហូរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក និយាយថា «ខ្សែភាពយន្តនេះនឹងប្រកាសលក់សំបុត្រ គ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី​១៦ ខែវិច្ឆិកា នេះ ហើយខ្ញុំរំពឹងយ៉ាងខ្លាំងថា ស្នាដៃកូនខ្មែរមួយនេះ នឹងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ដើម្បីឲ្យប្រាក់សម្រាប់ជួយដល់សង្គម ទទួលបានចំនួនកាន់តែច្រើន ព្រោះខ្សែភាពយន្តមួយនេះ មានឈុតឆាកគួរឲ្យចាប់អារម្មណ៍ច្រើន ជាពិសេសមានឈុតឆាកស្នេហា ស្រឡាញ់ភេទដូចគ្នា ដែលនេះជារសជាតិថ្មីសម្រាប់ អ្នកទស្ស​នា​ទាំងឡាយ ដូច្នេះសូមកុំភ្លេច​រង់ចាំតាមដានទស្សនា រឿង «នរណា Comeback» ទាំងអស់គ្នា!»