(ភ្នំពេញ)៖ អ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅមុននេះបន្តិចថា សាលដីការបស់តុលាការកំពូល ដែលកាត់ទោស «រំលាយគណបក្សសង្រ្គោះជាតិ» នឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង ដោយមិនរង់ចាំដល់ថ្ងៃស្អែកនោះទេ។

លោក អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលាការកំពូលបានបញ្ជាក់ប្រាប់នៅវេលាម៉ោងប្រមាណជិត១០៖៥៥នាទីថ្ងៃនេះ​យ៉ាងដូច្នេះថា៖ «សាលដីកានឹងប្រកាសថ្ងៃនេះ មិនឲ្យរំលងដល់ថ្ងៃទី១៧ ខែវិចិ្ឆកាឡើយ ខណៈពេលនេះសវនាការកំពុងដំណើរការតាមនីតិវិធី»។

សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។

សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិនេះ បានធ្វើឡើងពុំមានការតវ៉ា ពីសកម្មជនរបស់គណបក្សប្រឆាំងទេ ខណៈដែល លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលជាប់ចោទរឿងក្បត់ជាតិមួយនេះ បានអំពាវនាវ ឱ្យសកម្មជន និងអ្នកគាំទ្រខ្លួន ប្រមូលផ្តុំគ្នានៅមុខតុលាការ។

ចំពោះសវនាការនេះ ​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ​ក៏បានស្នើ​ឱ្យតុលាការ​កំពូល​ ធ្វើការផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​ ដល់ក្បាលម៉ាស៊ីន និងសមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ចំនួន១១៨រូបផងដែរ៕