(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅមុខតុលាការកំពូលថា ការពង្រាយកម្លាំង សមត្ថកិច្ចជាច្រើននាក់ ដោយមានការបិទបារ៉ាស់នៅតាមដងផ្លូវជុំវិញតុលាការកំពូលនោះ គោលបំណងដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីឲ្យសវនាការរបស់តុលាការកំពូល លើការរំលាយ គណបក្សសង្គ្រោះជាតិ បានដំណើរការទៅដោយរលូន មិនមានការរំខានណាមួយ។

នាយឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ផងដែរថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចទាំងនេះ មិនមានគោលបំណងបំភ័យដល់ប្រជាពលរដ្ឋនោះឡើយ គឺគោលដៅតែម្យ៉ាងគត់លើកិច្ចការស​ន្តិសុខតែប៉ុណ្ណោះ។

ជាការកត់សម្គាល់ នៅជុំវិញបរិវេណតុលាការកំពូល ដែលស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ គេសង្កេតឃើញកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ បានដាក់បារ៉ាស់នៅតាមដងផ្លូវ ដើម្បីមិនឲ្យមានក្រុមតវ៉ាណាមួយ ចូលទៅស្រែក និងរំខានដំណើរការសវនាការរបស់តុលាការកំពូលនោះឡើយ តែសម្រាប់អ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ត្រូវបានអនុញ្ញាតឲ្យចូលទៅដល់ តុលាការកំពូលតែម្តង និងអាចឲ្យចូលស្តាប់សវនាការទៀតផង ដោយហាមយកឧបករណ៍ថតរូប និងថតសំឡេង​ ពោលគ្រាន់តែអាចកត់ត្រាប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ស្នងការបានបញ្ជាក់យ៉ាងដូច្នេះថា «យើងការពារសន្តិសុខ និងសុវត្ថិភាពជូនដល់អង្គសវនការ ដូច្នេះក្នុងការងារនេះអង្គសវនការនេះ គឺតុលាការកំពូល បានប្រកាសហើយជាសវនការសាធារណៈ»

សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានចាប់ផ្តើមបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាតឲ្យថតសំឡេង និងថតរូបភាពទេ។ អ្នកចូលរួមតាមដានអាចកត់ត្រាបាន។ មន្រ្តីតុលាការបានថ្លែងឲ្យដឹងថា ដំណើរការជំនុំជម្រះ អាចនឹងប្រើរយៈពេលច្រើន អាចពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។

ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ជឿជាក់​ស្ទើរ​មួយ​រយ​ភាគ​រយ​ថា​ គណបក្ស​រណប​បរទេស​មួយ​នេះ ​ពិត​ជា​រលាយ​យ៉ាង​ពិតប្រាកដ​។​ ចំណែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨រូប​ ក៏ក្រុម​មេធាវី​ជឿជាក់​ថា​ នឹង​​ត្រូវ​តុលាការ​កំពូល​ផ្អាក​សកម្មភាព​នយោបាយ​៥ឆ្នាំ​ផងដែរ​ ស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។

​ក្រុម​មេធាវី​ ជឿជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​រលាយ​មួយ​រយ​ភាគ​រយ​ ដោយ​យោង​តាម​ភស្តុតាង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ​និង​រឹងមាំ​ដែល​ផ្តល់​ជូន​តុលាការ​កំពូល​៕