(ភ្នំពេញ)៖ សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងពុំមានការតវ៉ាពីសកម្មជនរបស់គណបក្សប្រឆាំងទេ ខណៈដែល លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សដែលជាប់ចោទ រឿងក្បត់ជាតិមួយនេះ បានអំពាវនាវឱ្យសកម្មជន និងអ្នកគាំទ្រ ប្រមូលផ្តុំគ្នានៅមុខតុលាការ។

សូមបញ្ជាក់ថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ។ អ្នកចូលរួមតាមដានអាចកត់ត្រាបាន។ មន្រ្តីតុលាការបានថ្លែងឲ្យដឹងថា ដំណើរការជំនុំជម្រះ អាចនឹងប្រើរយៈពេលច្រើន អាចពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។

កាលពីពេលថ្មីៗនេះ លោក​ស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសគណបក្សសង្រ្គោះជាតិ៕