(ភ្នំពេញ)៖ ការរង្គោះរង្គើរជើងក្រោមរបស់គណបក្សសង្គ្រោះជាតិ កាន់តែខ្លាំងហើយ ក្រោយវីដេអូឃ្លឹបបញ្ជាក់ថា លោក កឹម សុខា ក្បត់ជាតិឱនក្បាលបម្រើបរទេស ដែលជាក់ស្ដែង​សកម្មជនចំនួនសរុប១,៧៤២នាក់ ក្នុងនោះរួមមាន ខេត្តកំពង់ស្ពឺ១៣៦នាក់, ខេត្តព្រៃវែង៤១៧នាក់, ខេត្តស្វាយរៀប៧៤នាក់, ខេត្តបន្ទាយមានជ័យ​១,០២៣នាក់​ និងខេត្តពោធិ៍សាត់៤០នាក់​ បានប្រកាសដើរចេញពីបក្ស ហើយមកសុំចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបានគិតត្រឹមល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាមួយនឹងការប្រកាសចុះដោយគ្មានការស្ដាយស្រណោះនោះ ពួកគេសុទ្ធតែបានអះអាងថា ការដែលពួកគេប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីបានឃើញនូវវីដេអូ ញុះញង់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលឱនក្បាលបម្រើបរទេស ហើយក្បត់ជាតិឯង។

សម្រាប់ការចូលរួមជីវ​ភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាខាងលើនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានរៀងៗខ្លួន។

សូមជម្រាបថា ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖