(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសវិលចូលគណបក្សសង្រ្គោះជាតិវិញនោះ គណបក្សសង្រ្គោះជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍មួយក្តៅៗភ្លាមផងដែរ ដោយទាត់ចោល និងមិនទទួលស្គាល់ការប្រកាសនេះឡើយ។

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិនៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានគុសបញ្ជាក់ថា «គណបក្សសង្រ្គោះជាតិ សូមបដិសេធទាំងស្រុងនូវរាល់ សកម្មភាព ឬសេចក្តីថ្លែងការណ៍ទាំងឡាយណា ដែលគណបក្សមិនបានសម្រេច ដោយមិនមានហត្ថលេខាសង្ខេបរបស់អ្នកទទួលខុសត្រូវ និងត្រារបស់គណបក្ស»

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ទៀត គណបក្សមិនទទួលខុសត្រូវ ចំពោះរាល់សកម្មភាព និងសេចក្តីថ្លែងការណ៍ ដែលមានលក្ខណៈជាបុគ្គលនោះឡើយ។

ជាការកត់សម្គាល់សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បានចេញមកប្រកាសថា រូបលោកបានវិលត្រឡប់ ចូលគណបក្សសង្រ្គោះជាតិវិញ ។ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមប្រកាសថា ខ្ញុំ សម រង្ស៊ី ចូលជាសមាជិក គណបក្សសង្គ្រោះជាតិ វិញហើយ ចាប់ពីថ្ងៃនេះទៅ ទោះជាគេរំលាយ ឬក៏មិនរំលាយគណបក្សសង្គ្រោះជាតិ យ៉ាងណាក៏ដោយ»

ក្រុមអ្នកវិភាគបានលើកឡើងថា សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ គឺជាការទះកំភ្លៀងមួយយ៉ាងដំណំ និងពេញទំហឹងតែម្តង ចំពោះអតីតប្រធានគណបក្ស ប្រឆាំងរូបនេះ ហើយក៏បានបង្ហាញពីការបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំងនៅក្នុងគណបក្ស ដែលប្រឈមនឹងការរំលាយតាមអំណាចតុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ៕