(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក សុខ ពេញវុធ បានប្រកាសថា កម្លាំងទាំងមូលរបស់ខណ្ឌ ទាំងអាជ្ញាធរ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងប្រជាការពារទាំងអស់ បានត្រៀមរួចជាស្រេចហើយ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅជុំវិញបរិវេណតុលាការកំពូល ស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ ដែលគ្រោងកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិ នាថ្ងៃស្អែកនេះ។

នារសៀលថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ អភិបាលខណ្ឌដូនពេញ បានជួបសំណេះសំណាលជាមួយកងកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដោយមានការចូលរួមពីលោក​ ហួត​ ចាន់យ៉ារ៉ាន់​ អធិការនគរបាលខណ្ឌដូនពេញ​, លោក​ ថោង​ ពិសិដ្ឋ​ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ​ និងមានការចូលរួមពីលោក​ លោកស្រី​ អភិបាលរង​ លោកនាយក​ នាយករង​ និងមន្ត្រីក្រោមឱវាទទាំងអស់​ ។

ក្នុងនោះលោកអភិបាលក៏បានណែនាំ​ និងផ្តាំផ្ញើ ព្រមទាំងដាក់ចេញនូវផែនការចាំបាច់ផ្សេងៗ​ ទៅដល់កងកម្លាំងទាំងអស់ឲ្យយកចិត្តទុកដាក់​ និងអនុវត្តន៍ការងារទៅតាមបទបញ្ជាឲ្យបានល្អ​ ដើម្បីថែររក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព​ ស្ថេរភាពសង្គម​ ជូនប្រជាពលរដ្ឋទូទៅ​។

នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌ ក៏បានផ្តល់នូវការលើកទឹកចិត្តដល់កងកម្លាំងរួមមាន៖ ឧបត្ថម្ភអង្គភាពអធិការដ្ឋាននគរបាលខណ្ឌចំនួន១,០០០,០០០រៀល និងកម្លាំងអធិការនគរបាលខណ្ឌចំនួន ៩៣នាក់/ម្នាក់ ២០,០០០រៀល ទឹកក្រូច៣០កេះ​ ទឹកបរិសុទ្ធ​៣០កេះ, ឧបត្ថម្ភអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន១,០០០,០០០រៀល និងកម្លាំងកងរាជអាវុធហត្ថចំនួន៧៨នាក់/ម្នាក់ ២០,០០០រៀល ទឹកក្រូច​ ២០កេះ​ ទឹកបរិសុទ្ធ​ ២០កេះ, ឧបត្ថម្ភផ្នែកប្រជាការពារចំនួ​ន​១,០០០,០០០រៀល​ និងកម្លាំងប្រជាការពារខណ្ឌចំនួន៧៨នាក់/ម្នាក់ ២០,០០០រៀល ទឹកក្រូច​ ២០កេះ​ ទឹកបរិសុទ្ធ​ ២០កេះសរុបថវិកាចំនួន៧,៩៨០,០០០រៀល៕