(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយទោ លន់ សុផាត់ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ព្រះសង្ឃដែលគង់នៅវត្តសសរ១០០ ស្ថិតនៅឃុំសំបូរ ស្រុកសំបូរ ដែលបានពុលអាហារត្រីខ កាលពីព្រឹកមិញនោះរហូតមកដល់ពេលនេះ បានធូរស្រាល និងបាននិមន្ដចេញពីមន្ទីរពេទ្យអស់ហើយ មិនមានព្រះសង្ឃអង្គណារងគ្រោះដល់អាយុជីវិតនោះទេ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ផងដែរថា តាមតួលេខដែលសមត្ថកិច្ចរបស់លោកចុះទៅស្រាវជ្រាវ និងសួរនាំជាក់ស្ដែងនោះ គឺមានព្រះសង្ឃជាង៣០អង្គ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយក្រៅពីនោះពុំមានបញ្ហាអ្វីធំដុំនោះឡើយ។

បើតាមលោកស្នងការ ករណីនេះបានកើតឡើងក្រោយពេលដែលព្រះសង្ឃរងគ្រោះទាំងនោះ បានឆាន់ត្រីខ បន្ទាប់ពីប្រជាពលរដ្ឋជាពុទ្ធបរិស័ទបានធ្វើចង្ហាន់ ទៅប្រគេនព្រះអង្គកាលពីព្រឹកមិញ។

លោក នួន សារិន អធិការរងនគរបាលស្រុកសំបូរ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅពេលព្រះសង្ឃឆាន់អាហាពេលព្រឹក​ ហើយមានព្រះសង្ឃចំនួន៨៥អង្គ មានអាការៈ វិលមុខ ឈឺព្រះកេស ធីងធូង។ ភ្លាមៗក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះ ត្រូវបា​នដឹកយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាព ស្រុកសំបូរ៕