(ភ្នំពេញ)៖ ថ្ងៃតុលាការកំពូលបើកសវនាការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ តាមពាក្យបណ្ដឹងថាបានប្រព្រឹត្តិអំពើក្បត់ជាតិនោះ ពោលគឺនៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយស្របពេលនេះដែរ ក៏មានដំណឹងលេចឮថា ក្រុមគណបក្សសង្គ្រោះជាតិ បានកកូរកកាយសកម្មជនរបស់ខ្លួនមកប្រឆាំងចំពោះការកាត់ក្ដីនេះ។

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមកពន្យល់ថា ច្បាប់បានផ្តល់អំណាច ដល់តុលាការកំពូលទទួលពិនិត្យ និងសម្រេចលើបណ្តឹងពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយដែលល្មើសច្បាប់ ហើយសេចក្តីសម្រេចរបស់តុលាការកំពូល ពាក់ព័ន្ធនឹងបណ្តឹងខាងលើនេះ ជាសេចក្តីសម្រេចស្ថាពរបិទការតវ៉ា។

លោក គឹម សន្ដិភាព បាន​បញ្ជាក់យ៉ាងដូច្នេះថា «​ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់ ដូចមានកំណត់ក្នុងមាត្រា​៤៩ រដ្ឋធម្មនុញ្ញនៃ​កម្ពុជា​ ហេតុនេះភាគីទាំងអស់ត្រូវគោរពអនុវត្តនូវសាលដីកាស្ថាពររបស់តុលាការកំពូល។ ការមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ក្នុងក្រមព្រហ្មទណ្ឌនៃ​ព្រះរាជាណាចក្រកម្ពុជា​»

យ៉ាងណាមិញ ពាក់ព័ន្ធព័ត៌មានរឿង​កកូរកកាយសកម្មជនរបស់ខ្លួនមកតវ៉ានេះ លោក គឹម សន្ដិភាពធ្លាប់បានបញ្ជាក់ផងដែរថា ​​ការប្រមូលផ្តុំកម្លាំងមហាជន ដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់ ហើយអាជ្ញាធរសាធារណៈមានកាតព្វកិច្ចអនុវត្តនូវវិធានការចាំបាច់ផ្សេងៗ។

​អ្នកនាំពាក្យរូបនេះ បានថ្លែងថា ​«​ការប្រមូលផ្តុំកម្លាំងមហាជន ដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់។ ហេតុនេះអាជ្ញាធរសាធារណៈដែលមានកាតព្វកិច្ច តាមផ្លូវច្បាប់ក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបអំពើល្មើសក្នុងសង្គម មានភារកិច្ចអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់នូវអំពើល្មើសខាងលើនេះ!»

​នៅ​ថ្ងៃទី១៣ ខែវិច្ឆិកាម្សិលមិញនេះ ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ បានទៅដល់តុលាការកំពូល ដើម្បីដាក់ភស្តុតាងសំខាន់ៗ៣បន្ថែមទៀត ​ពាក់ព័ន្ធសំណុំរឿងប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ភស្តុតាងទាំងបីបន្ថែមនោះក៏មានបញ្ជី​ឈ្មោះ​​ថ្នាក់​ដឹកនាំ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែលនឹងត្រូវហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​៥ឆ្នាំ​​។​

កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧​ ក្រុម​មេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល​ ដើម្បីប្តឹងស្នើសុំរំលាយគណបក្ស​សង្គ្រោះ​ជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់៕