(ភ្នំពេញ)៖ លោកឧកញ៉ា ព្រុំ សិទ្ធី អគ្គនាយកក្រុមហ៊ុនបុរីអង្គរភ្នំពេញ បានចេញមកបកស្រាយថា រូបលោកមិនបានប្រើពាក្យសម្តីមិនសមរម្យ ឬជេរប្រមាថទៅលើមន្រ្តីសាលារាជធានីភ្នំពេញ ក៏ដូចជាមន្រ្តីសាលាខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខនោះទេ។ តែទោះជាយ៉ាងណា លោកក៏សម្តែងការសុំទោសប្រសិនបើមានការយល់ច្រឡំណាមួយនោះ។

ការចេញមកអះអាងបែបនេះបានកើតមានឡើង បន្ទាប់ពីមានការប៉ះពារសម្តីគ្នាមួយរវាងលោកឧកញ៉ា ព្រុំ សិទ្ធី និងមន្រ្តីសាលារាជធានីភ្នំពេញដឹកនាំដោយលោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ចុះមកពិនិត្យប្រឡាយបង្ហូរទឹកនៅក្នុងបុរីអង្គរភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧកញ៉ា ព្រុំ សិទ្ធី បានអះអាងថា នៅព្រឹកមិញនេះ លោកគ្មានចេតនាណាមួយចុះទៅរារាំងការបំពេញការងារ របស់មន្រ្តីសាលារាជធានីភ្នំពេញនោះឡើយ ហើយវត្តមានរបស់លោក គឺគ្រាន់តែជាជួយសម្របសម្រួលជូនអាជ្ញាធរតែប៉ុណ្ណោះ។

លោកឧកញ៉ា បានបន្ថែមថា ពេលដែលចុះទៅជួយសម្របសម្រួល ក៏បានប្រើពាក្យមិនសមរម្យមួយចំនួន តែពាក្យមិនសមរម្យនោះ គឺលោកប្រើសម្តៅលើរថយន្តដឹកដីមួយចំនួន បានប្រើរថយន្តកង់១៦ ដឹកដីលើផ្លូវដែលលោកបានសាងសង់ជាប្រយោជន៍សាធារណៈបណ្តាលឲ្យផ្លូវឆាប់ខូច។

ឧកញ៉ា ព្រុំ សិទ្ធី គិតថា ពាក្យសម្តីមិនសមរម្យមួយចំនួន ដែលលោកប្រើសម្តៅទៅលើក្រុមអ្នកដឹកដីលើសទម្ងន់នាំឲ្យខូចផ្លូវនោះហើយ ធ្វើឲ្យមានការថ្នាំងថ្នាក់ និងការយល់ច្រឡំពីមន្ត្រីសាលារាជធានីភ្នំពេញ។ ឧកញ៉ា ព្រុំ សិទ្ធី បានលើកឡើងទៀតថា ប្រសិនបើពាក្យពេចន៍ទាំងនោះនាំឲ្យមានការថ្នាំងថ្នាក់ដល់មន្រ្តីសាលារាជធានីភ្នំពេញ ដែលបានចុះពិនិត្យប្រឡាយនាព្រឹកមិញនេះ លោកក៏សូមសម្តែងនូវការសុំទោស ហើយក៏សូមអធ្យាស្រ័យផងដែរ។

ក្រៅពីបកស្រាយទៅលើការយល់ច្រឡំរឿងពាក្យពេចន៍មិនសមរម្យនេះហើយ ឧកញ៉ា ព្រុំ សិទ្ធី ក៏បានឆ្លៀតបញ្ជាក់ផងដែរថា ការសាងសង់បុរីរបស់លោកមិនប៉ះពាល់ទៅដល់ប្រឡាយបង្ហូរទឹកនោះឡើយ ពោលរូបលោកបានចាក់បេតុងសងខាងប្រឡាយ ដោយមានទទឹងរហូតដល់១៨ម៉ែត្រ ទៅតាមទំហំប្រឡាយទឹកដឹកដែលមានស្រាប់។ មិនតែប៉ុណ្ណោះលោកបានធ្វើបេតុងគ្របពីលើ ហើយដាំដើមឈើធំៗអមសងខាង ដើម្បីកម្ពស់សោភណភាព និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

លើសពីនេះលោក ក៏បានរៀបចំសាងសង់ជាសួនលំហែ និងកន្លែងក្មេងៗលេងកម្សាន្ត ដែលជាប្រយោជន៍សាធារណៈថែមទៀតផងដែរ។ លោកឧកញ៉ា បានគូសបញ្ជាក់ថា ការសាងសង់បុរីរបស់លោកមិនបានធ្វើឲ្យប៉ះពាល់ដល់ចរន្តបង្ហូរទឹកនោះឡើយ៕