(ហ្វីលីពីន, កាណាដា)៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកាណាដា ដែលបានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យកាណាដាផ្តល់ជំនួយដល់ប្រទេសសមាជិកអាស៊ាន ជាពិសេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីលើកកម្ពស់ការអភិវឌ្ឍគម្រោងនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យពិចារណាផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីនផងដែរ។ ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍កម្មវិធីអាហារូបករណ៍សំខាន់ថ្មីនៃគម្រោងកម្មវិធីផ្លាស់ប្តូរវិស័យ អប់រំ មានថវិកា ១០លានដុល្លារកាណាដា ដែលផ្តល់ការបណ្តុះបណ្តាលដល់យុវជន អ្នកជំនាញវ័យកណ្តាល ជា​ពិសេសស្រ្តីពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

ក្នុងកិច្ចប្រជុំនោះថ្នាក់​ដឹកនាំអាស៊ាន និងកាណាដា បានឯកភាពគ្នាក្នុងការណែនាំដល់មន្រ្តីសេដ្ឋកិច្ច ចាប់ផ្តើមកិច្ចពិភាក្សារិះរកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-កាណាដា ដ៏មានសក្តានុពលមួយ។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន កាណាដា ក៏បានធ្វើការកត់សម្គាល់ចំពោះភាពរីកចម្រើនទៅមុខ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន កាណា ដោយមានជំនឿជឿជាក់ថា ឆ្នាំ២០១៧គឺជាឆ្នាំដ៏ល្អសម្រាប់អាស៊ាន កាណាដា ក្នុងការពង្រឹង និងពង្រីកសហប្រតិបត្តិការប្រកប​ដោយអត្ថប្រយោជន៍ទៅវិញទៅមក ខណៈភាគីទាំងពីរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន កាណាដា បានធ្វើការពិចារណានូវគំនិតផ្តួចផ្តើមថ្មី មួយ ចំនួនរួមមាន៖

ទី១៖ កំណត់ទិសដៅទំហំពាណិជ្ជកម្មសរុបមួយ ដែលអាចសំរេចបានក្នុងរយះពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ​

ទី២៖ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលការទូតអាស៊ាន កាណាដា សម្រាប់ផ្តល់នូវវគ្គបណ្តុះបណ្តាល ឬវគ្គប្រហាក់ប្រ ហែលដល់មន្រ្តីការទូត ឬមន្រ្តីអាស៊ាន

ទី៣៖ ពិនិត្យលទ្ធភាពបង្កើតគំនិតផ្តួចផ្តើមស្តីពីអ្នកការទូតវ័យក្មេងអាស៊ាន សម្រាប់រយៈពេល ៥ឆ្នាំ ដែលអាចផ្តល់ឱកាសដល់អ្នកការទូតវ័យក្មេង បីប្រទេសសមាជិកអាស៊ាន និងកាណាដា ដើម្បីពង្រឹង​ជំនាញរបស់ពួកគេ ក្នុងអាជីពជាអ្នការទូត។ មេដឹកនាំអាស៊ាន និងកាណាដា ក៏បានធ្វើការពិភាក្សាលើបញ្ហាជាច្រើន ដែលទាក់ទិនទៅនិងការពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងកាណាដា ដើម្បីឲ្យឈានដល់ចំណុចថ្មីមួយទៀត នៅពេលអនាគតដ៏ខ្លីខាងមុខ៕