(ម៉ានីល, ហ្វីលីពីន)៖ មេដឹកនាំអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានអំពាវនាវឲ្យកូរ៉េខាងជើង លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ និងអនុវត្តន៍តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខក្នុងឧបទ្វីបកូរ៉េ។

ការបង្ហាញក្តីព្រួយបារម្ភលើសន្តិសុខនៅឧបទ្វីបកូរ៉េព្រោះតែកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ របស់កូរ៉េខាងជើងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី (អាស៊ាន បូក ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ) លើកទី២០ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

អ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា លោក អនឃួន សំអូន ដែលកំពុងតាមយកព័ត៌មាននៃកិច្ចប្រជុំពិសេសប្រចាំឆ្នាំ នៅទីក្រុងម៉ានីល បានប្រាប់ Fresh News ថា ក្នុងកិច្ចប្រជុំនេះមេ​ដឹកនាំអាស៊ានទាំង១០ រួមនិងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន លោក ស៊ីន ហ៊្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន និងលោក ម៉ូន ជេអ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបង្កហេតុ និងការគំរាមកំហែ​ងនា​ពេល​ថ្មីៗ​នេះ​​ របស់កូរ៉េខាងជើង ជាពិសេសការបាញ់សាកល្បងគ្រាប់មីស៊ីលជាញឹកញាប់នោះ។

មេដឹកនាំអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង បានជំរុញ​ឲ្យកូរ៉េ​ខាង​ជើង គោរព​តាមសេចក្តី​​សម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជា​តិ និងត្រូវលុប​​បំបាត់​ទាំ​ង​ស្រុង នូវកម្មវិធី​អាវុធនុយក្លេអ៊ែរ ហើយត្រូវបញ្ឈប់​សកម្មភាពបង្កហេតុ និងសកម្មភាពគំរាមកំហែ​ង​នានារបស់កូរ៉េខាងជើង។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ ថ្នាក់ដឹកនាំអាស៊ាន ចិន ជប៉ុន ក៏បានគាំទ្រគំនិតផ្តួចផ្តើ​មរបស់កូរ៉េខាងត្បូង ក្នុងការធ្វើឲ្យប្រសើរឡើង​ទំនាក់ទំនង​រវាងកូរ៉េទាំងពីរ ឆ្ពោះទៅការបង្កើតឡើង​នូវ​សន្តិភាពក្នុងឧបទ្វីបកូរ៉េផងដែរ។ ថ្នាក់ដឹកនាំ​អាស៊ាន បានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួន ក្នុងការ​​ដើរ​តួនាទីស្ថាបនា និងរួម​ចំណែក​កសាង​សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ៕