(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាម៉ូដែល ញញឹមមានមន្តស្នេហ៍ សម្បុរស្រអែមស្រស់ សារាយ សក្ខណា បន្ទាប់ពីមានភាពជោគជ័យទាំងសិល្បៈ និងគ្រួសារមក ទស្សនិកជនសង្កេតឃើញថា នាងកំពុងតែក្ដោបក្ដាបទីផ្សារសិល្បៈ បានយ៉ាងច្រើន បើទោះបីជានាងចេញចូលស្រុកក្រៅញឹកញាប់ក៏ដោយ ព្រោះទាំងដើរបង្ហាញម៉ូត សម្ដែងរឿង ថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំៗ គឺនាងទទួលបានទាំងអស់។ យ៉ាងណាមិញ ទស្សនិកជនមិនដឹងទេថា ទំរាំតែឈានមកដល់ពេលនេះ តើអ្នកម្ដាយរូបស្រស់ម្នាក់នេះ មានភាពតស៊ូក្នុងជីវិតយ៉ាងណាទៅ? ហើយតើជិវិតរបស់នាង មុនរៀបអាពាហ៌ពិពាហ៌ និងក្រោយអាពាហ៌ពិពាហ៌ មានស្ថានភាពយ៉ាងណានោះ សារាយ សក្ខណា នឹងចូលខ្លួនមកបកស្រាយ ឲ្យទស្សនិកជនបានជ្រាប តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh News Radio នៅល្ងាចថ្ងៃសៅរ៍ ទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

អ្នកនាង សារាយ សក្ខណា ត្រូវបានគេដឹងថា នាងហាក់មានសុភមង្គល ជាមួយនឹងស្វាមីជាអនិកជន គឺលោក កែវ មេត្រី តាមរយៈការបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី និង កូនស្រីដ៏គួរឲ្យស្រឡាញ់របស់នាង។ ក្នុងនោះ នាងបានទៅរស់នៅឯនាយសមុទ្រ ជាមួយគ្រួសារមួយរយៈធំ ដោយឃ្លាតឆ្ងាយពីសិល្បៈស្រុកខ្មែរ ប៉ុន្ដែថ្មីៗនេះ ពេលដែលនាងត្រឡប់មករកសិល្បៈ និងការងារនៅស្រុកខ្មែរវិញ គឺនៅតែមានទស្សនិកជនគាំទ្រ និងក្រុមហ៊ុននានាត្រូវការនាងដដែល បើនិយាយជារួមទៅ គឺនាងនៅតែមានប្រជាប្រិយភាពនៅឡើយ។ ទន្ទឹមនឹងនោះ សារាយ សក្ខណា ក៏មានជីវិតលំបាក តស៊ូ មិនធម្មតាដែរ ទំរាំមានប្រជាប្រិយភាពមកដល់សព្វថ្ងៃនេះ។

យ៉ាងណាមិញ អ្នកនាង សារាយ សក្ខណា នឹងចូលខ្លួនមកស្រាយបំភ្លឺ ពីការតស៊ូជំនះគោលដៅ រហូតទទួលបានជោគជ័យ ទាំងការងារផ្ទាល់ខ្លួន ការងារសិល្បៈ និងគ្រួសាររបស់នាង តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh News Radio នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានការ Live ផ្ទាល់ ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង៧៖០០នាទី ដល់ម៉ោង៨៖០០នាទីយប់ ដដែល៕