(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយយុវជនអាស៊ាន-ជប៉ុន ៣៦២នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាគោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន គឺជាគោលការណ៍ដ៏ល្អមួយសម្រាប់ជោគវាសនា និងការរួបរួមរបស់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានបញ្ជាក់ថា គោលការណ៍កុងសុងស៊ីសនេះ មិនអាចប្តូរទៅជាគោលការណ៍បោះឆ្នោតនោះឡើយ ព្រោះវាអាចធ្វើឲ្យមានការបែកបាក់អាស៊ាន។ (សូមទស្សនាវីដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ក្រុមយុវជនអាស៊ាន-ជប៉ុនថា អាស៊ាន គឺជាអង្គការតំបន់ដ៏ល្អមួយ ដែលបានប្រែក្លាយប្រទេសក្នុងតំបន់ធ្លាប់ប្រឈមគ្នាពីអតីតកាល ក្លាយទៅជាប្រទេសមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា អាស៊ានគ្មានបងតូចបងធំទេ ខុសពីតំបន់ដទៃទៀតដែលមានបងតូចបងធំ ហើយសម្ដេចពេញចិត្ត និងមានមោទនភាពជាមួយអង្គការតំបន់មួយនេះ ដែលមិនគិតថា ប្រទេសឥណ្ឌូនេស៊ីជាប្រទេសធំ មានប្រជាជនច្រើន ត្រូវតែមានសំឡេងច្រើន ប្រទេសិង្ហបុរី ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ត្រូវតែមានសំឡេងនាំមុខគេនោះទេ ប៉ុន្តែអាស៊ានអនុវត្តតាមយន្តការកុងសង់ស៊ីស ហើយមានការគោរពគ្នាខ្លាំងណាស់ សមាជិកអាស៊ានមិនបានគិតថា ប្រទេសអ្នកមាន ត្រូវតែមានសិទ្ធិច្រើនជាងប្រទេសអ្នកក្រ ប្រទេសធំមានសិទ្ធិច្រើនជាងប្រទេសតូចនោះទេ ចំណុចល្អ និងភាពរឹងមាំរបស់អាស៊ាន គឺស្ថិតនៅត្រង់ចំណុចនេះយ៉ាងជាក់ច្បាស់។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមយុវជនអាស៊ាន-ជប៉ុនថា មានកត្តា៤យ៉ាង ដែលកម្ពុជាសម្រេចចូលជាសមាជិកអាស៊ាន៖ ១. គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសសមាជិក, ២. ស្មារតីសហគមន៍ (ការធ្វើការតាមកុងសង់ស៊ីស ដែលអនុញ្ញាតឲ្យអនុវត្តន៍គោលការណ៍ស្មើសិទ្ធិ ស្មើភាព ហើយគ្មានបងតូចបងធំ), ៣. ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទី៤. គឺច្រកចេញការទូតរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់យុវជនអាស៊ាន ឲ្យបន្តស្មារតីនៃការរួបជាធ្លុងនៅក្នុងអាស៊ាន ហើយមិនត្រូវផ្លាស់ប្តូរគោលការណ៍កុងសង់ស៊ី ទៅជាគោលការណ៍បោះឆ្នោតក្នុងការសម្រេចចិត្តអ្វីមួយ ដែលនាំឲ្យអាស៊ានបែកបាក់នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គោលការនេះ ខ្ញុំសូមផ្ដាំចំពោះអ្នកទាំងអស់ នៅពេលដែលក្លាយខ្លួនទៅជាអ្នកដឹកនាំប្រទេសនេះ ប្រទេសនោះ មិនថាតែថ្នាក់ណាទេ ប៉ុន្តែសូមមេត្តាក្នុងធម្មនុញ្ញអាស៊ាន គួរកុំធ្វើការកែឲ្យសោះ អំពីការអនុវត្តស្មារតី ការអនុវត្តតាមកុងសង់ស៊ីសទៅជាការបោះឆ្នោត ប្រសិនបើទៅជាការបោះឆ្នោត អាស៊ាននឹងបែកបាក់ភ្លាមតែម្ដង ព្រោះថាការបោះឆ្នោតតែងមានសំឡេងភាគច្រើន និងសំឡេងភាគតិច បើដូច្នោះ អាស៊ាននឹងបែងចែកទៅតាមបញ្ហាហើយ សូមផ្ដាំផ្ញើ»

សូមបញ្ជាក់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលបានជួយជំរុញកិច្ច សហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោម សមាជិកទាំងអស់។ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ អង្គការនេះក៏បានពង្រីកខ្លួនដោយការចូលរួមពីប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម។ កម្ពុជា បានចូល​ជា​សមាជិក​អាស៊ាននៅថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩។ បើទោះបីកម្ពុជាជាកូនពៅរបស់អាស៊ាន តែកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះនៅឆ្នាំ២០០២, ២០១២ ហើយគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ផងដែរ។

គោលបំណងសំខាន់នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិក ទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិក ដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។ អាស៊ានគ្រប់ដណ្ដប់លើផ្ទៃដី៤.៤លានគីឡូម៉ែត្រការ៉េ ស្មើនឹង៣% នៃផ្ទៃដីផែនដីសរុប។ អាស៊ានគ្របដណ្ដប់ទៅលើដែនទឹកធំជាងដែនគោកចំនួន ៣ដង។

ប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបប្រមាណ ៦២៥លាននាក់ ស្មើនឹង៨% នៃប្រជាជនពិភពលោក។ នៅឆ្នាំ២០១៥ GDPជាមធ្យមនៃអាស៊ាន គឺបានកើនឡើងជាង ២.៨លានលានដុល្លារអាមេរិក៕