(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចមិនខ្វាយខ្វល់ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់របស់បរទេសទៅលើការបោះឆ្នោតនៅកម្ពុជានោះឡើយ សំខាន់គឺប្រជាពលរដ្ឋខ្មែរទទួលស្គាល់ ហើយសម្តេចនៅតែប្តេជ្ញារៀបចំដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ២០១៨ ដោយអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា មិនត្រូវការស្តាប់ ឬ​ការទទួលស្គាល់ពីប្រទេសណាមួយនោះឡើយ។ (សូមទស្សនាវីដេអូប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

ការថ្លែងប្រតិកម្មរបស់សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសមាជិកសភាអាមេរិកមួយចំនួនបានលើកឡើងថា ពួកគេនឹងមិនទទួលស្គាល់ការបោះឆ្នោត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នៅក្រោយការបោះឆ្នោតនាឆ្នាំ២០១៨នោះឡើយ ប្រសិនបើមិនមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ឬរំលាយគណបក្សសង្រ្គោះជាតិចោលនោះ។

ក្នុងកិច្ចសំណេះសំណាលដោយផ្ទាល់ជាមួយយុវជនអាស៊ាន-ជប៉ុន ៣៦២នាក់​ នាព្រឹកថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បានថ្លែងអំពាវនាវដល់បរទេសទាំងឡាយជ្រាតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយគ្មាននរណាស្គាល់កម្ពុជាច្បាស់ជាងខ្មែរនោះទេ។ សម្តេចតេជោ បានហៅការចាប់ខ្លួនលោក កឹម សុខា ក៏ដូចជាការរំលាយគណបក្សសង្រ្គោះជាតិថា ជាការអនុវត្តន៍តាមច្បាប់របស់កម្ពុជា ហើយកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងអនុវត្តច្បាប់ ហើយកម្ពុជាក៏មិនដែលជ្រៀតជ្រែងការអនុវត្តច្បាប់របស់បរទេស។

សម្តេចនាយករដ្ឋមន្រ្តី បានប្តេជ្ញាបន្តការអនុវត្តន៍នូវរបបនយោបាយរបស់កម្ពុជា និងនៅតែធានាដល់ការបោះឆ្នោតនាឆ្នាំ២០១៨ ដោយមិនខ្វល់ថា បរទេសណាទទួលស្គាល់ ឬ មិនទទួលស្គាល់នោះឡើយ។ «យើងនឹងរៀបចំការបោះឆ្នោតសម្រាប់ព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ យើងនឹងចាត់តាំងការបោះឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ទោះបីអ្នកណាជួយ ឬ មិនជួយវាមិនសំខាន់ សម្រាប់យើងទេ ទោះបីអ្នកទទួលស្គាល់ ឬមិនទទួលស្គាល់ ច្បាប់យើងខ្ញុំតម្រូវឲ្យប្រជាជនកម្ពុជាទទួលស្គាល់ គឺចប់សព្វគ្រប់ហើយ»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា ស្ដង់ការនៃអនុវត្តន៍គោលនយោបាយ មិនមែនជាស្ដង់ដារអន្ដរជាតិរួម ហើយត្រូវកំណត់ឲ្យអនុវត្តន៍តាមប្រទេសនេះ ឬប្រទេសនោះឡើយ។ កម្ពុជា អនុវត្តន៍តាមនយោបាយរបស់កម្ពុជា ថៃ ឡាវ វៀតណាម ហ្វីលីពីន សិង្ហបុរី...ត្រូវអនុវត្តន៍តាមនយោបាយរបស់ពួកគេ។

សូមបញ្ជាក់ថា កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ខណៈដែលដំណើរការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីបានបិទបញ្ចប់ហើយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ។ ប្រជាពលរដ្ឋដែលចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីមានជាង ៥០ម៉ឺននាក់៕