(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងថ្មីមួយទៀត ដោយប្រកាសឱ្យ ម្ចាស់យានយន្ដទាំងអស់ ដែលមានកាតព្វកិច្ចបង់ពន្ធសម្រាប់ឆ្នាំ២០១៧ រួសរាន់ទៅបង់ពន្ធឲ្យទាន់ពេលវេលា ខណៈដែល​ថ្ងៃផុតកំណត់បង់ពន្ធយានយន្ដ នឹងបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។  

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ​មាន ម្ចាស់យានយន្ដភាគច្រើន បានមកបង់ពន្ធរួចរាល់ហើយតែម្ចាស់យានយន្ដមួយចំនួនទៀតមិនទាន់បានមកបង់ពន្ធនៅឡើយ។ ដើម្បីជៀសវាងការកកស្ទះ និងការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅជិតថ្ងៃផុតកំណត់ ដែលអាចនាំទៅដល់បាតុភាព​អសកម្ម ដោយប្រការណាមួយអគ្គនាយកដ្ឋាន សូមក្រេនរំលឹកជាថ្មី ដល់ម្ចាស់យានយន្ដ សូមឲ្យរួសរានមកបង់ពន្ធ»។

យោងតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ទៀតថា ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ដនឹង ត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស នគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ តាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ ការប្រមូលពន្ធ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ៖​