(ស្ទឹងត្រែង)៖ រថយន្តដឹកឈើប្រណិត១គ្រឿង​​ ម៉ាក់កាមរីស្វិត ពណ៌សពាក់ស្លាក់លេខ​​ កណ្ដាល ២A-3449 បានដឹកឈើប្រណិតប្រភេទធ្នង់ពេញរថយន្ត ចូលមកក្នុងទីរួមខេត្ត រួចបន្ត ទៅកាន់ទីផ្សារប្រទេសវៀតណាម​​ តែសំណាងមិនល្អ ត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ច​​ នៅចំនុចក្បែរ​​ កាឡាក់ស៊ី សង្កាត់ស្រះឫស្សី នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាមសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា រថយន្តដឹកឈើប្រណិតខាងលើ បានធ្វើសកម្មភាពដឹកឈើ ចេញពីស្រុកសៀមប៉ាង ស្ទើរតែរាល់យប់​​ តែមិនមានសមត្ថកិច្ច នៅតាមគោលដៅធ្វើការបង្ក្រាបទាល់តែសោះ បែរជាបណ្ដោយឲ្យរថយន្តដឹកឈើប្រណិតទាំងនេះ ទៅបានដោយរលូនទៅវិញ។

សេចក្ដីរាយការណ៍ បានបន្ថែមទៀតថា ជាពិសេសជំនាញរដ្ឋបាល​ព្រៃឈើ នៅតាមស្នាក់ការចាប់ពីស្រុកសៀមប៉ាង រហូតដល់ទីរួមខេត្តស្ទឹងត្រែង មិនមានធ្វើបង្ក្រាបទៅលើរថយន្ត ដឹកឈើប្រណិតទាំងនោះទាល់តែសោះ ​បែរជាសមត្ថកិច្ចឈរចាំរាប់ក្បាលទ្បាន យកលុយដាក់ហោប៉ាវរៀងៗខ្លួនទៅវិញ។

សេចក្ដីរាយការណ៍ដដែល បន្ដថា សង្ស័យតែមានការឃុបឃិតគ្នា រវាងឈ្មួញ និងសមត្ថកិច្ចជំនាញហើយមើលទៅ បានជារថយន្តដឹកឈើប្រណិតខាងលើនេះ មកដោយរលូន យ៉ាងដូចនេះ។

បច្ចុប្បន្ន ទាំងរថយន្ត និងឈើប្រណិត ត្រូវកម្លាំងអាវុធហត្ថអូសយកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើកំណត់ហេតុ បញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត៕