(ភ្នំពេញ)៖ នៅវេលាម៉ោង១១៖០០នាទី ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចាកចេញពីព្រលានយន្តហោះភ្នំពេញរបស់កម្ពុជាហើយ ដើម្បីទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិច (APEC) និងអាស៊ាន ដែលធ្វើឡើងនៅទីក្រុងដាណាំង ប្រទេសវៀតណាម។

ការអញ្ជើញទៅចូលរួមកិច្ចសន្ទនានេះ បានធ្វើឡើងតបតាមការអញ្ជើញរបស់លោក ត្រាន ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ។

អមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំថ្នាក់តំបន់នេះរួមមាន៖ លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា​ អំឡុងពេល​វត្តមាននៅប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន នឹងប្រជុំរវាងប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយប្រមុខរដ្ឋាភិបាលពាក់ព័ន្ធដទៃទៀត។ អ្វីដែលសំខាន់នៅក្នុងកិច្ចប្រជុំនេះ គឺ ពាក់ព័ន្ធនឹងសភាពការណ៍ ចុងក្រោយនេះជុំវិញសេដ្ឋកិច្ច នយោបាយ សន្ដិសុខ ក្នុងតំបន់ និងអន្ដរជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស, ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួប សម្តែងការគួរសមជាមួយលោក ត្រាន ដាយក្វាង ប្រធានរដ្ឋ​ នៃសាធារណសង្គមនិយមវៀតណាម និងអញ្ជើញចូលរួមពិសារអាហារពេលព្រឹកការងារ រៀបចំដោយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមវៀតណាមផងដែរ៕